ហេតុអ្វីបានជាកម្មករនិយោជិត មិនត្រូវស្ដាប់តាមការញុះញង់ពីភាគីទី៣?
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពាក់ព័ន្ធបញ្ហាជម្លោះការងារកន្លងមក យើងសង្កេតឃើញថា តែងតែមានតួអង្គទីបីចេញមកញុះញង់ដើម្បីធ្វើបាតុកម្មតវ៉ាទាមទារបិទផ្លូវជាដើម ដែលសកម្មភាពទាំងនេះអាចធ្លាក់ចូលក្នុងអន្ទាក់នយោបាយរបស់ក្រុមណាមួយ។
នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាអង្គការវិជ្ជាជីវៈត្រូវធ្វើតាមច្បាប់និងចូលរួមដោះស្រាយបញ្ហានានាស្របតាមនីតិវិធីច្បាប់ ហើយជាពិសេសមិនត្រូវលូកដៃធ្វើឲ្យជាប់គាំងក្នុងការដោះស្រាយបញ្ហានោះឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់កម្មករនិយោជិតកុំឲ្យស្ដាប់អ្នកទីបីដែលចាំតែញុះញង់បង្កចលាចល ស្របពេលដែលទាំងភាគីនិយោជិត និងនិយោជកទទួលយកដំណោះស្រាយហើយ ដែលការជឿតាមការញុះញង់នេះ ចុងក្រោយធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិតផ្ទាល់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលប្រៀបបីដូចជាឪពុកម្ដាយដូច្នោះដែរ នៅពេលដែលឃើញរោងចក្រ មានការរីកធំធាត់ចំនួនកម្មករនិយោជិតមានការកើនឡើង រាជរដ្ឋាភិបាលតែងញញឹមសប្បាយរីករាយផងដែរ៕