Khmer First Close

សម្តេចតេជោ ហ៊ុន សែន ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

ដោយ៖ សម្បត្តិ កិត្យា ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ 152
សម្តេចតេជោ ហ៊ុន សែន ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម

នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម តូ ឡឹម បានសម្ដែងនូវការស្វាគមន៍ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាមកកាន់ប្រទេសវៀតណាមនៅពេលនេះ។ ឯកឧត្តមក៏បង្ហាញនូវក្តីសប្បាយរីករាយដែលបានជួបជាមួយនឹងសម្ដេចតេជោសារជាថ្មី នៅក្នុងឱកាសថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅក្នុងទីក្រុងហូជីមិញ។ ឯកឧត្តមបានលើកឡើងថា សម្ដេចតេជោ និងឯកឧត្តម តែងតែជួបគ្នាជាប្រចាំ និងចែករំលែកអំពីសភាពការណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ក៏បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានបញ្ជូនកងទ័ពមកចូលរួមក្នុងព្យូហយាត្រាអបអរសាទរខួបលើកទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោអរគុណដល់ ឯកឧត្តមអគ្គលេខាធិការបក្សបក្សដែលបានអញ្ជើញសម្ដេចឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់វៀតណាម និង បានអរគុណផងដែរចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលព្រមទាំងប្រជាជនវៀតណាម ចំពោះការស្វាគមន៍និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ។
សម្តេចក៏បានអបអរសាទរ ឯកឧត្តមអគ្គលេខាធិការបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម។
សម្ដេចក៏បានសម្ដែងនូវក្តីរីករាយក្រៃលែងដែលបានមកកាន់ទីក្រុងហូជីមិញជាថ្មីម្ដងទៀត និងបានជួបជាមួយនឹងឯកឧត្តមអគ្គលេខាធិការបក្សជាថ្មីទៀត បន្ទាប់ពីជំនួបកាលពីខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីកម្ពុជា ឡាវ វៀតណាម នៅក្នុងទីក្រុងហូជីននេះ។
សម្ដេចតេជោបានបង្ហាញនៅមោទនភាពដែលមានកងទ័ពកម្ពុជាបានចូលរួមក្នុងព្យុហយាត្រាកងទ័ពដើម្បីអបអរសាទរខួបលើកទី៥០នៃការរំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិវៀតណាម ដែលសកម្មភាពនេះមិនត្រឹមតែបង្ហាញអំពីមិត្តភាពជាអ្នកចិត្តខាងល្អ និងបងប្អូនល្អប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបង្កើតនូវទំនាក់ទំនងកងទ័ព និងកងទ័ពទៀតផងដែររវាងប្រទេសទាំងពីរ។
សម្ដេចតេជោក៏បានបន្ថែមថា ក្នុងនាមជាអ្នកជិតខាងល្អ កម្ពុជានិងវៀតណាមតែងតែជួយគ្នាទៅវិញទៅមក នូវគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាលំបាក។ សម្ដេចក៏រំលឹកពីអនុស្សាវរីយ៍របស់សម្ដេចកាលពីឆ្នាំ១៩៧៧ មកកាន់ប្រទេសវៀតណាមដើម្បីស្វែងរកនូវការគាំទ្ររំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងកម្ពុជាទម្រាំតែមានថ្ងៃនេះ។
ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ដោយ ឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។
ឯកឧត្តមបានបញ្ជាក់ទៀតថា វៀតណាមមិនភ្លេចនោះទេនូវការអរគុណ ចំពោះការគាំទ្រពីមិត្តភក្កិបរទេសជាពិសេសគឺកម្ពុជាតែម្ដងដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។ ឯកឧត្តមបានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និងប្រជាជនកម្ពុជាដែលបានជួយគាំទ្រ វៀតណាមទទួលបាននូវជ័យជំនះនៅថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៧៥។ ឯកឧត្តមបានបន្ថែមទៀតថា ដោយផ្អែកលើប្រវត្តិសាស្រ្តប្រទេសទាំងពីរ ដែលឆ្លងកាត់ជាមួយគ្នាដ៏លំបាក ប្រទេសទាំងពីរត្រូវតែរក្សា និងពូនជ្រុំ និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ បន្តទៀត។

នៅក្នុងឱកាសនោះ សម្តេចតេជោបានលើកឡើងថា កម្ពុជា និងវៀតណាម មិនត្រឹមតែត្រូវរក្សាសន្ទុះនៃទំនាក់ទំនងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពួនជុំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការធ្វើភាគីឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ចំពោះទំនាក់ទំនងរវាងបក្សទាំងពីរវិញ សម្ដេចតេជោបានបញ្ជាក់ថាកិច្ចប្រជុំកំពូលរវាងគណបក្ស ប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមកាលពីខែកុម្ភៈកន្លងទៅបានស្ដែងយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងល្អរបស់គណបក្សទាំងពីរ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សម្តេចបានសំដែងក្តីរីករាយដែល រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និង រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម បានចុះហត្ថលេខាលើ “កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម ២០២៥-២០២៦” កាលពីថ្ងៃទី២៨ ខែមេសា នៅទីក្រុងហាណូយ ។ ភាគីវៀតណាមបានឯកភាព លើការបង្កើតយន្តការ គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីជំរុញការពង្រីកទំហំពាណិជ្ជកម្ម ដល់គោលដៅ២០ពាន់លាន និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ប្រទេសទាំងពីរត្រូវតែនៅជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ និង ឯកភាពជាមួយសម្តេចតេជោ លើការជំរុញទំហំពាណិជ្ជកម្ម ជាពិសេស ទ្វេភាគីវៀតណាម កម្ពុជា ឱ្យដល់២០ពាន់លានដុល្លារអាមេរិក។
ឯកឧត្តម ក៏បានឯកភាពផងដែរ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយឲ្យអ្នកជំនាន់ក្រោយ នៃបក្សនិងរដ្ឋាភិបាលបន្តកិច្ចសហប្រតិការល្អ។ ឯកឧត្តម សង្ឃឹមថាទំនាក់ទំនង រវាងថ្នាក់ដឹកនាំវ័យក្មេង របស់រដ្ឋាភិបាលនិងបក្ស រវាងប្រទេសទាំងពីរនិងកាន់តែរឹងមាំបន្ថែមទៀត ។
សម្ដេចតេជោក៏បានអរគុណជាថ្មីម្ដងទៀតដល់រដ្ឋាភិបាលវៀតណាម ដែលផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះសម្ដេច និងគណៈប្រតិភូ និងក៏បានជូនពរឯកឧត្តអគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ឱ្យមានសុខភាពល្អ និងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ច ហើយក៏អបអរសាទរជាមួយនឹងប្រជាជនវៀតណាមដែលនៅក្នុងឱកាសខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។
ជំនួបរបស់ សម្តេចតេជោ ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលយ៉ាងខ្លាំងក្លាបំផុត ៕

អត្ថបទទាក់ទង