Khmer First Close

ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ក្រោយមានការបកស្រាយមួលបង្កាច់ខុសពីការពិត ពាក់ព័ន្ធលិខិតឯកអគ្គរាជទូតកម្ពុជា ផ្ញើជូនសមាជិកសភាជាន់ទាបជប៉ុន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 155
ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ក្រោយមានការបកស្រាយមួលបង្កាច់ខុសពីការពិត ពាក់ព័ន្ធលិខិតឯកអគ្គរាជទូតកម្ពុជា ផ្ញើជូនសមាជិកសភាជាន់ទាបជប៉ុន ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ក្រោយមានការបកស្រាយមួលបង្កាច់ខុសពីការពិត ពាក់ព័ន្ធលិខិតឯកអគ្គរាជទូតកម្ពុជា ផ្ញើជូនសមាជិកសភាជាន់ទាបជប៉ុន

នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយជាមួយការបកស្រាយមូលបង្កាច់ខុសពីការពិតពាក់ព័ន្ធលិខិតរបស់ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ផ្ញើជូនឯកឧត្តម SAKAGUCHI Naoto សមាជិកសភាជាន់ទាបជប៉ុន ដែលជម្រាបជូនអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលអាចធ្វើឲ្យមានការយល់ច្រឡំលើខ្លឹមសារលិខិតរបស់ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

នៅក្នុងសេចក្តីបំភ្លឺរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា កម្ពុជា តែងតែវាយតម្លៃខ្ពស់ពីការជួយគាំទ្រពីសំណាក់ប្រជាជនជប៉ុន ក្នុងរយៈកាលកន្លងមក ហើយទំនាក់ទំនងដ៏កក់ក្តៅ និងមានការវិវឌ្ឍទៅមុខជាវិជ្ជមានជានិច្ច បានធ្វើឲ្យប្រទេសទាំងពីរសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានចាត់ទុកជប៉ុនជាមិត្តដែលមិនអាចខ្វះបាន។ដែលជានិច្ចកាលបន្តផ្ដល់ជំនួយគ្រប់វិស័យដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

នៅក្នុងសេចក្តីបំភ្លឺដដែលនោះដែរ បានគូសបញ្ជាក់ថា លិខិតរបស់ឯកឧត្តមឯកអគ្គរាជទូត ទុយ រី ជូនសមាជិកសភាជប៉ុន គឺជាការពន្យល់បកស្រាយបំភ្លឺអំពីជំហរការពិតជាក់ស្ដែងស្ដីពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ហើយជាសំណូមពរតាមបែបលក្ខណៈការទូត ដោយមិនមានបង្កប់នូវការគំរាមកំហែងនិងប៉ះពាល់ដល់កិត្តិយសរបស់ឯកឧត្តម SAKAGUCHI Naoto នោះទេ។ ក៏ប៉ុន្តែលិខិតបកស្រាយបំភ្លឺនេះ បែរជាត្រូវបានជនអគតិមួយចំនួនតូច យកមកធ្វើអាជីវកម្មនយោបាយ បកប្រែ បំផ្លើស ធ្វើឲ្យមានការយល់ច្រឡំថាឯកឧត្តម ទុយ រី បានគម្រាមកំហែងសមាជិកសភាជប៉ុនទៅវិញ។ នេះជាចេតនាមួលបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយ៉ាងច្បាស់ និងបង្កឲ្យមានការយល់ច្រឡំពីសំណាក់ជនមួយចំនួនតូច ដែលចង់បំផ្លាញទំនាក់ទំនងល្អនិងកក់ក្តៅរវាងកម្ពុជា-ជប៉ុន ហើយដែលនៅដំណាច់ខែឧសភានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន។

ជាថ្មីម្ដងទៀត កម្ពុជា វាយតម្លៃខ្ពស់ចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ហើយកម្ពុជា តាំងចិត្តធ្វើការដោយការគោរពគ្នាទៅវិញទៅមកជាមួយជប៉ុន ក្នុងការដោះស្រាយការព្រួយបារម្ភណាមួយ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសទាំងពីរ៕