អ្នកនាំពាក្យក្រសួងការពារជាតិ ចេញបកស្រាយបំភ្លឺចំពោះបុគ្គលឈ្មោះ អែម ពិសិដ្ឋ ដែលបានក្លែងធ្វើជាទាហានជួរមុខផ្សព្វផ្សាយញុះញង់បំបាក់ទឹកចិត្តកងទ័ព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានចេញបកស្រាយ និងបំភ្លឺជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា នាថ្មីៗនេះ មានការក្លែងធ្វើជាទាហានជួរមុខ ដោយបុគ្គលឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ហើយបានផលិតវីដេអូបង្ហោះតាមគណនី TikTok ឈ្មោះ “Amy Richard310” និងហ្វេសប៊ុកឈ្មោះ “Piseth PG EM” ដើម្បីញុះញង់បំបាក់ទឹកចិត្តកងទ័ព ធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ។ ការគូសបញ្ជាក់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍អ្នកនាំពាក្យក្រសួងការពារជាតិនេះ បានធ្វើឡើងតាមរយៈបណ្ដាញតេឡេក្រាម នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត បានថ្លែងបញ្ជាក់ថា ជាក់ស្តែង បុគ្គលឈ្មោះ អែម ពិសិដ្ឋ នេះ មិនមែនជាយោធិននោះទេ។ រូបគេ គឺជាសកម្មជនក្រុមប្រឆាំង ដែលមានតួនាទីជាប្រធានបណ្តាញយុវជនកម្ពុជាសកប្រចាំប្រទេសថៃ ហើយមានស្រុកកំណើតនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
ជាមួយគ្នានេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍បានលើកឡើងថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ក៏សូមស្នើឱ្យក្រសួងមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើជននេះ ឱ្យបានម៉ឺងម៉ាត់បំផុត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ ក៏បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនាបោកបញ្ឆោត ដូចករណីខាងលើនេះ និងសូមមានការប្រុងប្រយ័ត្ន កុំចែកចាយព័ត៌មានទាំងឡាយដែលប៉ះពាល់ដល់កងទ័ព និងសូមតាមដានព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន»៕