«កម្ពុជា និងថៃ គឺជាអ្នកជិតខាងអមតៈ ៖ ការប្រើប្រាស់ច្បាប់អន្តរជាតិ ដើម្បីបង្កើតព្រំដែនសន្តិភាព»
ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាបរិយាកាសពិសពុល ដែលហុចឱកាសឱ្យក្រុមជាតិនិយមជ្រុល។ ដោយមានជំនួយពី Google Translate គេអាចអានយល់ពីខ្លឹមសារដែលពួកជ្រុលនិយមទាំងសងខាង បានសរសេរអំពីអ្នកជិតខាងរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើប្រាស់ភាសាខ្មែរ និងថៃ ដើម្បីបិទបាំងភាសាប្រកបដោយការស្អប់ខ្ពើមជាតិសាសន៍។ ក្នុងនោះ មានក្រុមជ្រុលនិយមមួយក្រុម ដែលចង់ឱ្យប្រទេសម្ខាងទៀត បាត់ខ្លួនចេញពីផែនទីពិភពលោក។ ភាសាដែលជំរុញឱ្យមានការស្អប់ខ្ពើម និងបដិសេធចំពោះជាតិសាសន៍មួយផ្សេងទៀត ក៏ដូចជាការជំរុញការសើរើប្រវត្តិសាស្ត្រ ឬ ការសើរើពីភាពរុងរឿងពីអតីតកាលនៃអាណាចក្ររបស់ខ្លួន គឺជាប្រធានបទចម្បងនៃការពិភាក្សារបស់ពួកគេ។ ក្រុមខ្លះបានលើកទ្រឹស្តី “ប្រសិនបើ” ដូចជាថា “ប្រសិនបើគ្មានវត្តមានបារាំង កាលពីអតីតកាលនោះទេ” ជាដើម។ ក្រុមជ្រុលនិយមទាំងសងខាងបានបង្ហាញឥរិយាបទមើលងាយគ្នាទៅវិញទៅមក ម្ខាងអួតថា នរណាមានឧត្តមភាពជាងនរណាមានភាពស៊ីវិល័យជាង ឬក៏ថា នរណាចំណេញជាង ឬខាតជាងជាដើម។ អ្នកខ្លះបានចោទកម្ពុជាថា យកប្រៀបដោយប្រើទ្រឹស្តីអ្នកទន់ខ្សោយ។ ប៉ុន្តែ គេត្រូវសួរវិញថា តើកម្ពុជាអាចគេចម្តេចបានពីការចងចាំរបស់ខ្លួននៅពេលដែលប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំរបស់កម្ពុជា គេឮតែការបរាជ័យ សង្គ្រាម ការឈ្លានពាន និងការដណ្តើមកាន់កាប់? នេះគឺជាតថភាពរបស់កម្ពុជា នៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលកម្ពុជាត្រូវតែទទួលយក។
កម្ពុជាបានបាត់បង់លើសពីអ្វីដែលប្រវត្តិសាស្ត្រអាចកត់ត្រាបាន នៅក្នុងប្រវត្តិ ៥០០ ឆ្នាំនៃចលាចល ការបែកបាក់ផ្ទៃក្នុង និងសង្គ្រាមដែលបង្កឡើងដោយការដណ្តើមទឹកដី ការការពារភាពរស់រាន និងវត្តមានរបស់កម្ពុជានៅលើផែនទីពិភពលោក។ សម្រាប់ប្រជាជនកម្ពុជា ការរំឭកពីប្រវត្តិសាស្ត្រ គឺជាការរៀបរាប់ពីវិសាលភាពដ៏ទូលំទូលាយនៃអាណាចក្រខ្មែរ ក្នុងសម័យអង្គរដែលធ្លាប់រុងរឿងថ្កើងថ្កាន ពីអំឡុងសតវត្សរ៍ទី ៩ ដល់ទី ១៥ ដែលធ្លាប់ជាអរិយធម៌កំពូលនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក។ ហើយក្រោយពីនោះ គឺគេចងចាំតែប្រវត្តិសាស្ត្រជូរចត់ប៉ុណ្ណោះ។ អំឡុងពេលនៃការឡើងដល់កំពូល និងការធ្លាក់ចុះដុនដាប បានកំណត់នូវមោទនភាព និងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែប្រជាជនកម្ពុជាក៏ដឹងដែរថា ខ្លួនកំពុងតែរស់នៅក្នុងយុគសម័យទំនើប ហើយត្រូវទទួលយកតថភាពនៃប្រវត្តិសាស្ត្រ ហើយនោះគឺជាការខិតខំការពារនូវអ្វីដែលខ្លួនមាន ដែលបានបន្សល់ទុកពីសម័យអាណានិគមបារាំង។ ជាការពិត ប្រជាជនកម្ពុជា ស្រលាញ់បារាំងផង ស្អប់បារាំងផង។ ស្រលាញ់ដោយសារតែគិតថា បារាំងគឺជាអ្នកជួយកម្ពុជា ការពារទឹកដីដែលនៅសេសសល់រួមតូច ពោលគឺតូចជាងគេនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោក។ ស្អប់ដោយសារតែគិតថា បារាំងគឺជាអ្នកកាត់ឆ្វៀលទឹកដីរបស់កម្ពុជាមួយផ្នែកទៅឱ្យប្រទេសជិតខាង។ ប៉ុន្តែនេះគឺជាតថភាពដែលកម្ពុជាត្រូវតែទទួលយក។ ប្រសិនបើប្រទេស ឬប្រជាជាតិនីមួយៗ សុទ្ធតែចង់សើរើបន្ទាត់ព្រំដែនពីអតីតកាល ពិភពលោកទាំងមូលនឹងក្រឡាប់ចាក់។
កម្ពុជាតែងតែគោរពគោលការណ៍ “ខ្សែព្រំដែនមិនកែប្រែ” (Uti Possidetis) ដែលជាគោលការណ៍នៃច្បាប់អន្តរជាតិ ដែលគោរពទៅលើខ្សែព្រំដែនដែលមានស្រាប់ នៅពេលទទួលបានឯករាជ្យ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ប្រឈមមុខនឹងការផ្ទុះឡើងជារឿយៗនៃភាពតានតឹងតាមព្រំដែន សំណួរមូលដ្ឋានសម្រាប់ពលរដ្ឋដែលមានការទទួលខុសត្រូវរបស់ប្រទេសទាំងសងខាង គឺនៅត្រង់ថា តើប្រទេសទាំងពីរត្រូវធ្វើដូចម្តេច ដើម្បីធានាឱ្យបាននូវព្រំដែនសន្តិភាព សម្រាប់កូនចៅ និងអ្នកជំនាន់ក្រោយរបស់ខ្លួន? ប្រទេសទាំងពីរមិនអាចចោទប្រកាន់គ្នាឥតឈប់ឈរ ពីការដណ្តើមកាន់កាប់ទឹកដី ដែលជារឿយៗបានបង្កឱ្យមានអំពើហិង្សា ការសងសឹក និងការបង្ហូរឈាមនោះទេ។ ប្រទេសទាំងពីរត្រូវតែខិតខំស្វែងរកដំណោះស្រាយ ដែលមាននិរន្តរភាព នោះគឺដំណោះស្រាយផ្លូវច្បាប់។ នៅក្នុងសង្គមណាក៏ដោយ ច្បាប់គឺជាមូលដ្ឋានគ្រឹះនៃអន្តរកម្មមនុស្សជាតិស៊ីវិល័យ លើសពីអារម្មណ៍ កំហឹង និងការឈឺចាប់បុគ្គល។ នៅក្នុងសង្គម គេត្រូវជួបប្រទះ និងដោះស្រាយបញ្ហាជាច្រើន ដូចជាការខ្វែងគំនិតគ្នា ជម្លោះ ការបែងចែក ការលែងលះ ឬក៏ការស្នងមរតក។ ក្នុងករណីទាំងនេះ មានតែច្បាប់ទេដែលអាចផ្តល់នូវអំណះអំណាង និងហេតុផល ដើម្បីឱ្យការវិនិច្ឆ័យចាកផុតពីអារម្មណ៍ និងមនោសញ្ចេតនាបុគ្គល។
ច្បាប់គឺជាអ្នកតម្រូវឱ្យមនុស្សរក្សាភាពថ្លៃថ្នូរ និងភាពស៊ីវិល័យរបស់ខ្លួន ទោះបីជាមានជម្លោះជ្រាលជ្រៅយ៉ាងណាក៏ដោយ។ នៅពេលដែលប្រើប្រាស់ច្បាប់ នោះមិនមែនជាបញ្ហាចាញ់ឈ្នះនោះទេ ប៉ុន្តែ គឺជាការទទួលយកការពិត ដោយភាគីនៃជម្លោះ ហើយតាមរយៈនេះ គេអាចធ្វើឱ្យអ្នកជំនាន់បច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ អាចគោរពគ្នាទៅវិញទៅមក ដោយផ្អែកលើមូលដ្ឋានច្បាប់។ ប្រសិនបើសាលដីកា ផ្អែកលើច្បាប់អន្តរជាតិ កំណត់ថាទឹកដីត្រង់ណា ជាកម្មសិទ្ធិរបស់ថៃ នោះកម្ពុជាត្រូវតែគោរព។ ដូចគ្នាដែរ ប្រសិនបើសាលដីកា ផ្អែកលើច្បាប់អន្តរជាតិ កំណត់ថាទឹកដីត្រង់ណា ជាកម្មសិទ្ធិរបស់កម្ពុជា នោះថៃត្រូវតែគោរព។ ក្រៅពីបញ្ហាច្បាប់ ក៏មានការទទួលស្គាល់ជាទូទៅពីសំណាក់សាធារណជនកម្ពុជាដែរថា កម្ពុជាតែងតែធ្លាក់ខ្លួនជាចំណាប់ខ្មាំង នៃជម្លោះនយោបាយផ្ទៃក្នុងរបស់ថៃ។ នៅពេលដែលនយោបាយផ្ទៃក្នុងថៃមានភាពរកាំរកូស គេតែងសង្កេតឃើញការបង្វែរស្ថានការណ៍មករកកម្ពុជា តាមរយៈការប្រើប្រាស់បញ្ហាព្រំដែន។
ទន្ទឹមនេះ កម្ពុជាក៏ហាក់បាត់បង់ភាពអំណត់របស់ខ្លួន នៅពេលដែលការចរចាព្រំដែនជាមួយថៃ ដែលតែងតែព្យាយាមប្រើប្រាស់ផែនទីឯកតោភាគី ធ្វើឱ្យការចរចាមានដំណើរយឺតយ៉ាវខ្លាំង។ គួរបញ្ជាក់ផងដែរថា កម្ពុជាបានធ្វើការចរចា និងបានបោះបង្គោលព្រំដែនគោកជាមួយវៀតណាម បាន ៨៤% និងជាមួយឡាវបាន ៨៦% ដោយស្មារតីគោរពគ្នាទៅវិញទៅមក។ កម្ពុជា និងថៃ គឺជាអ្នកជិតខាងអមតៈ ដែលមិនអាចផ្លាស់ប្តូរបានឡើយ។ កម្ពុជា និងថៃ ត្រូវគិតពីការស្វែងរកដំណោះស្រាយយូរអង្វែង សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យប្រជាជាតិទាំងពីរអាចរួមរស់ជាមួយគ្នាដោយសន្តិភាព ឈរលើការគោរពគ្នាទៅវិញទៅមក ការយល់ដឹងពីគ្នា និងផលប្រយោជន៍ទាំងសងខាង។ ចុងក្រោយគឺយើងចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងជាទីផ្សារពាណិជ្ជកម្ម។ ដល់ពេលដែលប្រទេសទាំងពីរត្រូវកំណត់ឱ្យបានច្បាស់នូវអ្វីដែលជាការពិត ដើម្បីបំបាត់ចោលការភាន់ច្រឡំនានា ហើយបោះជំហានទៅរកអនាគតនៃទំនាក់ទំនងដែលមានភាពនឹងនរ មានសន្តិភាព និងអាចព្យាករណ៍បាន។ ក្នុងទិសដៅនេះ មានតែការប្រើប្រាស់ច្បាប់អន្តរជាតិប៉ុណ្ណោះ ដែលជាដំណោះស្រាយដែលមានភាពជាក់ស្តែងនិយមជាងគេ មាននិរន្តភាពជាងគេ និងមានការឈឺចាប់តិច។ សំខាន់បំផុតនោះគឺដំណោះស្រាយបែបនេះ គ្មានការបង្ហូរឈាម។
ស៊ឹម វីរៈ គឺជាអ្នកនិពន្ធ និងជាមន្ត្រីរាជការខ្មែរ។ លោកធ្លាប់បានបម្រើការនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរយៈពេល ១៥ឆ្នាំ មុននឹងចូលបម្រើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានសរសេរអត្ថបទជាច្រើនទាក់ទងនឹងនយោបាយ-សេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងនយោបាយការបរទេសរបស់កម្ពុជា។ អត្ថបទនេះគឺជាទស្សនៈផ្ទាល់ខ្លួន។