ផែនទីឯកតោភាគីរបស់ប្រទេសថៃក្នុងជម្លោះព្រំដែនជាមួយកម្ពុជា
សាវតានៃបញ្ហាត្រូវបានលាតត្រដាង
អត្ថបទនេះមានបំណងជម្រាបជូនសាធារណជនពីផែនទីឯកតោភាគីរបស់ថៃ ដែលបានក្លាយជាចំណុចស្នូលដ៏អាស្រូវ និងជាឧបសគ្គរាំងស្ទះដំណោះស្រាយដោយសន្តិវិធីនៃព្រំដែនជាមួយកម្ពុជា។
នៅក្នុងសាលដីកានៃតុលាការយុត្តិធម៌អន្តរជាតិ នៅឆ្នាំ១៩៦២ បញ្ហាប្រទាញប្រទង់សំខាន់មួយគឺនៅត្រង់ថា តើផែនទីឧបសម្ព័ន្ធទី ១ ត្រូវបានថៃទទួលយកដែរឬយ៉ាងណា។
នៅក្នុងដំណើរការតតាំងក្តី កម្ពុជាពឹងផ្អែកលើផែនទី ដែលមានចំណងជើងថា «ដងរែក – គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម» ឬ ដែលគេហៅថា ផែនទីឧបសម្ព័ន្ធទី ១។ កម្ពុជាបានអះអាងថា ផែនទីនេះត្រូវបានថៃទទួលស្គាល់ ជាលក្ខណៈសន្ធិសញ្ញា ដូច្នេះ ផែនទីនេះមានអំណាចគតិយុត្តចំពោះប្រទេសទាំងពីរ។ សម្រាប់កម្ពុជា ខ្សែបន្ទាត់នៅលើផែនទីឧបសម្ព័ន្ធទី ១ បានក្លាយជាខ្សែព្រំដែនរវាងប្រទេសទាំងពីរ។
តុលាការវិនិច្ឆ័យថា នៅក្នុងឆ្នាំ ១៩០៨-១៩០៩ ថៃបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី ១ ដោយចាត់ទុកជាលទ្ធផលនៃការខណ្ឌសីមា ដូច្នេះ នេះគឺជាការទទួលស្គាល់ថា ខ្សែបន្ទាត់នៅលើផែនទី គឺជាខ្សែបន្ទាត់ព្រំដែន ហើយដែលតាមរយៈនេះ ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងដែនដីរបស់កម្ពុជា។
អាជ្ញាធរសៀមនៅពេលនោះ តាមរយៈសកម្មភាពរបស់ខ្លួន បានបញ្ជាក់ពីការទទួលបាន និងទទួលស្គាល់ផែនទី ហើយជាក់ស្តែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺព្រះអង្គម្ចាស់ ដាំរុង បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតបារាំង នៅក្រុងបាងកក ចំពោះផ្ទាំងផែនទី ហើយថែមទាំងបានស្នើសុំផែនទីច្បាប់ចម្លងចំនួន ១៥ ថែមទៀត ដើម្បីចែកចាយដល់អភិបាលខេត្តរបស់សៀម។
ផ្អែកលើការពិចារណាបែបនេះហើយ ទើបតុលាការយុត្តិធម៌អន្តរជាតិ បានចេញសាលដីកាកំណត់ថា ប្រាសាទព្រះវិហារស្ថិតនៅលើដែនអធិបតេយ្យរបស់កម្ពុជា។
បន្ទាប់ពីមានសាលដីកានៅឆ្នាំ១៩៦២ ថៃបានដកខ្លួនចេញពីប្រាសាទព្រះវិហារ។ ថៃបានដាក់របងលួស ដែលខណ្ឌផ្តាច់តួប្រាសាទពីផែនផ្សេងទៀតនៃពយព្រះវិហារ។ របងលួសនេះគឺយកតាមខ្សែបន្ទាត់នៅក្នុងផែនទីភ្ជាប់ទៅនឹងសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៦២ ប៉ុន្តែ ថៃមិនបានបញ្ចេញផែនទីនេះទេ រហូតទាល់តែដល់ពេលតតាំងក្តី នៅឆ្នាំ២០១១។
ចាប់តាំងពីឆ្នាំ១៩៦២ ថៃនៅតែបន្តប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួនដើម្បីតតាំងបញ្ហាព្រំដែនជាមួយកម្ពុជា។
គ្មាននរណាដឹងទេថា តើថៃមានផែនទីឯកតោភាគីបែបនេះចំនួនប៉ុន្មាន ប៉ុន្តែ អ្វីដែលច្បាស់នោះគឺថា ផែនទីឯកតោភាគីបែបនេះ គ្មានតម្លៃគតិយុត្តអ្វីនោះឡើយ ហើយក៏គ្មានអំណាចចាប់បង្ខំ ផ្អែកលើច្បាប់អន្តរជាតិនោះដែរ។
ប្រទេសណាក៏អាចគូសផែនទីជាឯកតោភាគី តាមដែលខ្លួនចង់បាន ប៉ុន្តែ ថាតើផែនទីបែបនេះអាចមានការទទួលស្គាល់ជាអន្តរជាតិដើម្បីកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនឬអត់នោះ គឺជាបញ្ហាមួយដាច់ស្រឡះពីគ្នា។
សម្រាប់ករណីព្រំដែនរវាងកម្ពុជា និងថៃ កម្ពុជាមិនដែលបានទទួលស្គាល់ផែនទីជាឯកតោភាគីរបស់ថៃនោះឡើយ។ ប្រសិនបើកម្ពុជា ធ្វើតាមថៃ កម្ពុជាក៏អាចគូសផែនទីឯកតោភាគីរបស់ខ្លួន ដោយរួមបញ្ចូលខេត្តដែលកម្ពុជាយល់ថា ខ្លួនបានបាត់បង់ដោយសារថៃបានដែរ។ ប៉ុន្តែ កម្ពុជាមិនដែលធ្វើដូច្នេះទេ។
ការទទូចរបស់ថៃក្នុងការប្រើប្រាស់ផែនទីឯកតោភាគី គឺជាឧបសគ្គចម្បងដែលបង្កការរាំងស្ទះដល់ដំណើរការចរចាព្រំដែន។
ផ្អែកលើផែនទីឯកតោភាគីរបស់ខ្លួន ដែលគ្មានតម្លៃផ្លូវច្បាប់ទាល់តែសោះនោះ ថៃបានចោទកម្ពុជាថាបានឈ្លានពានទឹកដីរបស់ខ្លួន។
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពភូមិន្ទថៃ បានបង្ហាញភស្តុតាងរូបភាពពីលើអាកាស ដោយអះអាងថា តំបន់ចុងបូកស្ថិតនៅក្នុងព្រំដែនថៃ។
កងទ័ពភូមិន្ទថៃបានពន្យល់ថា ផែនទីដែលកម្ពុជាប្រើប្រាស់ គឺប្រើមាត្រដ្ឋាន ១ លើ ២០០.០០០ ដែលបានភ្ជាប់ជាឧបសម្ព័ន្ធនៅក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
ដោយឡែកផែនទីរបស់ថៃ គឺប្រើមាត្រដ្ឋាន ១ លើ ៥០.០០០ ដែលជាផែនទីស៊េរី L៧០១៨ ដែលមានកម្រិតលម្អិតជាង។ ផ្អែកតាមភស្តុតាងរូបថតលើអាកាស កងទ័ពថៃបានអះអាងថា តំបន់ចុងបូក ស្ថិតក្នុងព្រំដែនថៃ។
គួររំលឹកផងដែរថា នៅពេលដែលមានជម្លោះព្រះវិហារសាជាថ្មី នៅឆ្នាំ២០០៧ ថៃបានប្រើផែនទីស៊េរី L៧០១៧។
ដូច្នេះ ចាប់ពីផែនទីស៊េរី L៧០១៧ ដល់ផែនទីស៊េរី L៧០១៨ គ្មាននរណាដឹងថា ថៃមានផែនទីចំនួនប៉ុន្មាន ដែលបានផលិតដោយខ្លួនឯងនោះទេ។
ប្រសិនបើថៃជឿជាក់លើភាពស្របច្បាប់នៃផែនទីឯកតោភាគីរបស់ខ្លួន ហេតុអ្វីបានជាថៃត្រូវខ្លាចតុលាការយុត្តិធម៌អន្តរជាតិ?
ផែនទីឯកតោភាគីរបស់ថៃ គឺជាប្រភពដើមនៃជម្លោះប្រដាប់អាវុធជាយថាហេតុ។ ថៃបានប្រើប្រាស់ផែនទីឯកតោភាគីរបស់ខ្លួន មករំលោភលើទឹកដីរបស់កម្ពុជា ហើយបែរជាចោទថា កម្ពុជាបានរំលោភលើទឹកដីរបស់ខ្លួនទៅវិញ។
ប្រទេសទាំងពីរត្រូវមានភាពស្មោះត្រង់ និងមានតម្លាភាព ចំពោះមុខច្បាប់។ ប្រទេសទាំងពីរមិនត្រូវខ្លាចតុលាការយុត្តិធម៌អន្តរជាតិនោះឡើយ បើពួកគេគឺជាអ្នកគាំទ្រពិតប្រាកដចំពោះច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់។
ការបង្កើតផែនទីឯកតោភាគី គឺជាឥរិយាបទដែលមិនសក្តិសមជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិនោះឡើយ។ ជាមួយនឹងផែនទីឯកតោភាគីរបស់ខ្លួន ច្បាស់ណាស់ថា ថៃពិតជាខ្លាចតុលាការយុត្តិធម៌អន្តរជាតិ ខ្លាចច្បាប់អន្តរជាតិ និងមានរបៀបវារៈលាក់កំបាំង នៅក្នុងការរំលោភបំពានទឹកដីរបស់ប្រទេសផ្សេង ដោយប្រើប្រាស់អំណាច។