TOP NEWS: កម្ពុជា បង្ហាញលទ្ធផលផ្លូវការ នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា។
ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
*ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប
*ទី២៖ ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
*ទី៣៖ ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែងនៅចន្លោះទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនដែលបានឯកភាពគ្នា(កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
*ទី៤៖ ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។
នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានជម្រាបជូនសមភាគីថៃថា ដើម្បីជាប្រយោជន៍ធានាបាននូវដំណោះស្រាយលើបញ្ហាព្រំដែនប្រកបដោយយុត្តិធម៌ មិនលម្អៀង និងជាដំណោះស្រាយស្ថាពរសម្រាប់ប្រទេសទាំងពីរ ភាគីកម្ពុជា បានស្នើភាគីថៃចូលរួមជាមួយភាគីកម្ពុជា ក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការ ទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ។
លើសពីនេះទៀត ភាគីកម្ពុជា អះអាងបន្ថែមនៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ទាំង៤នេះ លែងជាប្រធានបទ ឬកម្មវត្ថុ នៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ។
ជាមួយគា្ននេះ លោក ឡាំ ជា បានបញ្ជាក់ថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរ និងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។
លោក ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០,០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញ បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ក្នុងន័យនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។
កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាគ្នាបើកចំហទៅវិញទៅមក និងប្រកបដោយភាពវិជ្ជមាន។ កិច្ចប្រជុំនេះ បានបញ្ចប់ការពិភាក្សាទាំងស្រុងលើរបៀបវារៈដែលបានឯកភាពគ្នា និងបានចុះហត្ថលេខាលើកំណត់ហេតុ ជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ភាគីទាំងពីរឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕