បញ្ចប់ការបោះបង្គោលតម្រុយព្រែកជីកហ្វូណននៅភូមិសាស្រ្តខេត្តតាកែវ, អភិបាលខេត្ត ប្រាប់ឲ្យប្រជាប្រជាពលរដ្ឋស្ងប់ចិត្ត និងជឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល

(តាកែវ)៖ អភិបាលខេត្តតាកែវ វ៉ី សំណាង រួមនឹងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានចុះពិនិត្យផ្ទាល់ទីតាំងបិទបញ្ចប់ការប្រមូលទិន្នន័យនិយាមកា និងការបោះបង្គោលតម្រុយ ចំនួន៥៥០បង្គោល គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិសាស្រ្តខេត្តតាកែវ ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។
នៅក្នុងឱកាសនោះ អភិបាលខេត្តតាកែវ បានថ្លែងថា កន្លងមកមានការលើកឡើងនឹងការមន្ទិលសង្ស័យពីគម្រោងព្រែកជីកហ្វូណនតេជោថា ដើរដល់ណាហើយ? ឥឡូវនេះការបោះបង្គោលតម្រុយចំនួន៥៥០បង្គោលក្នុងខេត្តតាកែវ ដើម្បីសាងសង់ព្រែកជីកហ្វូណនតេជោបានបញ្ចប់ហើយ ដែលនេះសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់មន្រ្តីពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្ដេជ្ញាក្នុងការកសាងព្រែកជីកនេះអោយបានឆាប់ទៅតាមផែនការកំណត់។
លោក វ៉ី សំណាង បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការស្ងប់ចិត្ត និងសូមមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោនេះ ហើយនៅពេលព្រែកជីកហ្វូណនតេជោ សាងសង់ រួចរាល់ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាយើង ជាពិសេសលើវិស័យដឹកជញ្ជូនដោយធ្វើការទំនិញពីព្រែកជីកនេះទៅកាន់សមុទ្របានយ៉ាងឆាប់រហ័ស ដោយឡែកសម្រាប់ខេត្តតាកែវដែលជាខេត្តឆ្លងកាត់ នៃព្រែកជីកហ្វូណនតេជោនេះក៍នឹងទទួលបានផ្លែការនៃការរីកចម្រើនសេដ្ឋកិច្ចរបស់ខេត្តកាន់តែច្រើនថែមទៀតជាក់ជាពុំខាន។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ៥៨គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៦ និង ១៧ឃុំ មានបង្គោលតម្រុយសរុប ៥៥០បង្គោល ដែលត្រូវបានបិទបញ្ចប់ការបោះបង្គោល ត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ៕