Khmer First Close

តើនរណាជាអ្នកកាន់កូនសោរបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ?

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 28
តើនរណាជាអ្នកកាន់កូនសោរបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ? តើនរណាជាអ្នកកាន់កូនសោរបិទ-បើកច្រកព្រំដែនកម្ពុជា-ថៃ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាប្រកាសបិទច្រកព្រំដែនកម្ពុជា-ថៃ គឺដើរតាមក្រោយប្រទេសថៃ ប៉ុណ្ណោះ។ សម្តេចថា បើកម្ពុជាបិទ គឺបិទជាអចិន្ត្រៃយ៍ រហូតដល់ស្ថានភាពច្រកព្រំដែនបើកដំណើរការជាប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា ២០២៥» នៅខេត្តតាកែវ នាព្រឹកថ្ងៃទី១កក្កដានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋខ្មែរ-ថៃ ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែននេះ ពីព្រោះបញ្ហានេះមិនមែនកម្ពុជាជាអ្នកចាប់ផ្តើមមុននោះទេ ហើយកូនសោរក៏មិនមែនស្ថិតនៅក្នុងដៃកម្ពុជានោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមលេងល្បែងនយោបាយបិទច្រកព្រំដែននោះទេ ព្រោះវិធានការបិទច្រកព្រំដែនបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋទាំងសងខាង ហេតុដូច្នេះ បើថៃចង់បើកច្រកព្រំដែនឡើងវិញ ត្រូវបើកដោយឯកតោភាគី ដោយមិនបាច់មកសុំចរចារជាមួយកម្ពុជានោះទេ។ សម្តេចថា ក្នុងករណីថៃបានឯកភាពផ្ទៃក្នុងថា បើកច្រកព្រំដែនទាំងអស់ឡើងវិញ គឺកម្ពុជានឹងបើកតាមក្រោយយូរបំផុតត្រឹមរយៈពេល ៥ម៉ោង ប៉ុណ្ណោះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសថៃជាអ្នកកាន់កូនសោរពិតប្រាកដនៅច្រកព្រំដែន ពីព្រោះនៅថ្ងៃទី ២៤មិថុនា នាយករដ្ឋមន្ត្រីថៃថាបិទ ហើយនៅថ្ងៃទី២៥ ខែមិថុនា មន្ត្រីច្រកព្រំដែនថៃបានទាញទ្វារបិទ។ នៅល្ងាចថ្ងៃដដែល បែរជាក្រសួងការបរទេសថៃប្រកាសថា អត់បិទទេ។ ត្រង់ចំណុចនេះ សម្តេចបានចោទសួរថា ចុះការសែតចុះផ្សាយលើពិភពលោកព្រោងព្រាតថា ថៃប្រកាសបិទច្រកព្រំដែនហើយ រឿងនេះពិភពលោកដឹងលឺទាំងអស់។ តែបែរភាគីថៃថា គ្មានបិទច្រកព្រំដែនទេ បន្ទាប់មកយោធាថៃបានបើកច្រកព្រំដែនវិញ តែមិនឱ្យមនុស្ស និងរថយន្តចេញ-ចូលដដែល?

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅភាគីថៃថា តើបើកច្រកនេះគ្រាន់តែលម្អ ឬយ៉ាងណា? គឺកម្ពុជាអត់លេងល្បែងនយោបាយមួយនេះទេ ម្តងបិទ ម្តងបើក ដោយឯកតោភាគីស្រេចតែអំពើចិត្ត ហើយនេះជាវិធានការដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងដល់ប្រជាជនទាំងពីរ។ សម្តេចធិបតី ប្រាប់ភាគីថា កម្ពុជាមានសម្លេងឯកភាពគ្នាតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម នាយករដ្ឋមន្ត្រីប្រកាសដូចម្តេច គឺថ្នាក់ក្រោមគោរពអនុវត្តតាមបែបនោះ ហើយបើមានបញ្ហានាយករដ្ឋមន្ត្រីថ្នាក់លើជាអ្នកទទួលខុសត្រូវនៅចំពោះមុខប្រជាជនតែម្តង៕

អត្ថបទទាក់ទង