Khmer First Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ

ដោយ៖ សម្បត្តិ កិត្យា ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ 151
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខកងទ័ពជួរមុខទិសប្រាសាទព្រះវិហារ

(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន​ដែលកំពុងឈរជើងជួរមុខនៅទិសប្រាសាទព្រះវិហារ នៅទីបញ្ជាការមុខបញ្ជាការដ្ឋានអង្គរក្សដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាកា​រដ្ឋាន​អង្គរក្ស និងជាអនុប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសយោធភូមិភាគទី៤ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្ស​រីករាយយ៉ាងក្រៃលែង​ ដែលបាន​មកជួបវីរកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន​នៅតាមបណ្ដោយព្រំដែនទិសប្រាសាទព្រះវិហារ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​​​​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន​កម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារ​ជាន់ខ្ពស់មិនចេះរីងស្ងួត​របស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងពីសំណាក់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខរបស់កងទ័ព ទាំងសុខភាព ទាំងការហូបចុក ព្រមទាំងជីវភាពរបស់ក្រុមគ្រួសារកងទ័ព។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ការកោតសរសើរ និងការវាយតម្លៃ​ខ្ពស់ចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលបានខិតខំអស់​ពីកម្លាំងកាយ ចិត្ត តស៊ូ ប្ដូរផ្ដាច់ និងហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ និងសន្តិសុខរបស់ប្រទេសជាតិទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា កន្លងមកឯកឧត្តមបានផ្សារភ្ជាប់​ជាមួយកងទ័ព តាមរយៈការចុះបំពេញបេសកកម្មពិនិត្យជីវភាពរស់នៅ​ជាក់ស្ដែងរបស់យោធិន ការបង្កបង្កើនផល ការផ្គត់ផ្គង់សម្ភារៈ ប្រាក់បៀវត្ស ការហ្វឹកហ្វឺន​ និងការ​ដោះស្រាយ​​តម្រូវការហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យយុទ្ធសាស្រ្ត​ការពារជាតិជាដើម។ ឯកឧត្តមបានបន្តថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ គឺជា​ការផ្សារភ្ជាប់រវាងសមរភូមិ​មុខនិងសមរភូមិក្រោយ និងជាបេសកកម្មនាំយកនូវការគោរព ការដឹងគុណ ការគាំទ្រ និងការលើកទឹកចិត្ត​ដែល​ចេញពីបេះដូងពិតប្រាកដ ពុំមែនត្រឹមតែនិយាយឱ្យរួចពីមាត់នោះទេ គឺឈរលើស្មារតី​រួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ដើម្បីគាំទ្រដល់កងកម្លាំងនៅតាមព្រំដែន ក្នុងបុព្វហេតុ​ការពារជាតិ ទប់ទល់នឹងចោរឈ្លានពានលើបូរណភាពទឹកដីយើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវថវិកាប្រគល់ជូនដល់​វីរកងទ័ពកំពុងឈរជើងសមរភូមិមុខទិសប្រាសាទព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ ដែលជាសម្ព័ន្ធ​មេត្រីភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគ៤ផងដែរ ដែលអំណោយ​ជាថវិកាទាំងនេះ បានមកពីការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្រ្តី សប្បុរសជន និងការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ   វង្សី វិស្សុត ក៏បានជូនពរ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ដែលមានតេជៈក្នុងភពត្រៃយ៍ ពិសេសបារមី​ពយតាឌីប្រាសាទព្រះវិហារ សូមប្រទានពរដល់​វីរកងទ័ព និងវីរនគរបាលការពារព្រំដែន ដែលកំពុងឈរជើង​យ៉ាងអង់អាចក្លាហាននៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ ឱ្យឈ្នះអស់មារសត្រូវឈ្លានពាន។

 

អត្ថបទទាក់ទង