កម្ពុជា ប្រាប់ពីកង្វល់ទៅ UNESCO ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ របស់ប្រទេសថៃ

AKP | ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥–
«ថ្ងៃនេះ យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈ កម្មាធិការ ទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ»។
នេះជាការលើកឡើងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា ការសាងសង់នេះក៏បានប៉ះពាល់ផងដែរដល់ សុចរិតភាព ភាពស្អាតស្អំ និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។
បន្ថែមពីលើនេះ ទោះបីកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្ត មិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។
លោកជំទាវ បានបន្ថែមថា៖ «ដូច្នេះ យើងខ្ញុំស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់»។
ជាមួយគ្នានេះ លោកជំទាវ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ៕
ដោយ ផែន រតនៈ