Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តារាចម្រៀង មាស សុខសោភា ចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌ចំពោះការនិពន្ធបទចម្រៀង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1261
តារាចម្រៀង មាស សុខសោភា ចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌ចំពោះការនិពន្ធបទចម្រៀង តារាចម្រៀង មាស សុខសោភា ចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌ចំពោះការនិពន្ធបទចម្រៀង

កាលពីយប់មិញ តារាចម្រៀងអ្នកនាង មាស សុខសោភា បានចេញមុខសុំទោសសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌ ព្រមទាំងមហាជនខ្មែរហើយ ចំពោះការនិពន្ធបទចម្រៀងនាំឲ្យមានកំហុសឆ្គងទាក់ទងការយាងចូលទិវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជាអតីតព្រះមហាក្សត្រដ៏អស្ចារ្យរបស់កម្ពុជា។

ការចេញមុខសុំទោសជាសាធារណៈរបស់តារាស្រី មាស សុខសោ បន្ទាប់ពីនាងបានធ្វើការបង្ហោះចែករំលែក និងផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា “មរណ:ភាពព្រះស្វាមី ជ័យវរ្ម័នទី៧” ដែលបទចម្រៀងនេះ បានបង្កឲ្យផ្ទុះប្រតិកម្មពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងវប្បធម៌។

អ្នកនាង មាស សុខសោភា បានលើកឡើងយ៉ាងនេះថា “នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា។ នាងខ្ញុំ និងក្រុមការងារសង្ឃឹមថា សម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។ នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរណ៏ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពងខ្ពស់ពីនាងខ្ញុំ មាស សុខសោភា”។

សូមជម្រាបថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ តារាចម្រៀងស្រី មាស សុខសោភា បានបង្ហោះវីដេអូចម្រៀងថ្មីរបស់នាង មានចំណងជើងថា “មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧” តាម Facebook និង Youtube នាំឱ្យមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមហាជនជាច្រើន។ បន្ទាប់ពីមានប្រតិកម្មខ្លាំង តារាចម្រៀងរូបនេះ ក៏បានធ្វើការសុំទោសជាសាធារណៈ និងលុបចោលទាំងអស់ នូវបទចម្រៀងនេះ៕