Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទូតបារាំង និងអាល្លឺម៉ង់លើកឡើងពីកិច្ចការសំខាន់ៗចំនួន៣ ជាមួយសម្តេចក្រឡាហោម ស ខេង

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1125
ទូតបារាំង និងអាល្លឺម៉ង់លើកឡើងពីកិច្ចការសំខាន់ៗចំនួន៣ ជាមួយសម្តេចក្រឡាហោម ស ខេង ទូតបារាំង និងអាល្លឺម៉ង់លើកឡើងពីកិច្ចការសំខាន់ៗចំនួន៣ ជាមួយសម្តេចក្រឡាហោម ស ខេង

នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Jacques PETTET ឯកអគ្គរដ្ឋទូតបារាំង និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃប្រទេសទាំងពីរ ជាបន្តបន្ទាប់ក្នុងអាណត្តិបេសសកម្មការទូតនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ក៏សូមសម្តែងនូវអំណរអរគុណចំពោះសាធារណរដ្ឋបារាំង និងសហព័ន្ធអាល្លឺម៉ងដែលតែងជួយគាំទ្រ ក៏ដូចជាពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង យ៉ាងល្អប្រសើរក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក។ ក្នុងនោះដែរ ចំពោះកិច្ចសហការជាមួយក្រសួងមហាផ្ទៃ បារាំង ក៏ដូចជាអាល្លឺម៉ង ក៏មានកិច្ចសហប្រតិបត្តិការល្អប្រសើរផងដែរ ជាពិសេសលើការគាំទ្រការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបារាំង បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោមសម្រាប់ការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាព្រឹកនេះ។ ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា ជាការពិតណាស់ បារាំង និងសហព័ន្ធអាល្លឺម៉ង គឺជាដៃគូរសហការជាមួយព្រះរាជាណាចក្រកម្ពុជាយ៉ាងជិតស្និត ដែលបានជួយគាំទ្រដល់កម្ពុជាលើវិស័យនានាប្រមាណជា ជាង៣០ឆ្នាំមកហើយ។ ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង និងឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងនូវកិច្ចការសំខាន់ៗចំនួន៣ ដែលមានដូចជា ទី១. ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលខាងមុខ, ទី២. ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល របស់បារាំង និងអាល្លឺម៉ង ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា និងទី៣.ដំណើរការកសាងក្របខណ្ឌគតិយុត្តស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង ភាគីកម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង។

ស្របតាមការលើកឡើងខាងលើ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងកិច្ចការទី១. ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាពេលខាងមុខ សម្តេចបានបញ្ជាក់ថា មកដល់ពេលនេះមានគណបក្សនយោបាយចំនួន១៨ ដែលបានចូលរួមត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ ហើយចំពោះភារកិច្ចស្នូលមួយទៀតពាក់ព័ន្ធនឹងការងារសន្តិសុខ សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ឆ្លងតាមបទពិសោធន៍ការបោះឆ្នោតជាបន្តបន្ទាប់ដែលកម្ពុជាបានអនុវត្តកន្លងមក ឃើញថាការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ដោយកម្ពុជាបានខិតខំថែរក្សាបាននូវបរិយាកាសល្អ ដោយគ្មានអំពើហិង្សាផងដែរ។

សម្រាប់កិច្ចការងារទី២. ការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល របស់បារាំង និងអាល្លឺម៉ង ក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិកម្ពុជា សម្តេចបានជម្រាបជូនថា ច្បាប់អង្គការមិនមែនរដ្ឋាភិបាល នៅជាធរមានរបស់កម្ពុជា គឺជាច្បាប់មួយត្រូវបានរៀបចំតាក់តែងឡើងដោយផ្អែកលើច្បាប់ដែលសិក្សាស្រាវជ្រាវពីប្រទេសប្រជាធិបតេយ្យមួយចំនួន ដែលក្នុងនោះមានប្រទេសមួយចំនួននៅក្នុងសហភាពអ៊ឺរ៉ុបផងដែរ។

សម្តេចក្រឡាហោម បានបញ្ជាក់ជូនបន្ថែមថា ទោះបីជាច្បាប់នេះត្រូវបានអនុម័តឱ្យចូលជាធរមាន ក៏នូវតែបើកចំហរទៅលើការចូលរួមរបស់អង្គការសង្គមស៊ីវិល និងនៅតែពិនិត្យធ្វើវិសោធនកម្មទៅលើសេចក្តីព្រាងច្បាប់ដែលមកដល់ពេលនេះភាគីរបស់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏បានជួបពិភាក្សាគ្នាជាបន្តបន្ទាប់ជាមួយគ្នា។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់ភាគីទាំង២ឱ្យបន្តជជែកពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ ក៏ដូចជាខ្លឹមសារសមស្របដើម្បីបម្រើផលប្រយោជន៍ ទៅវិញ ទៅមក ក៏ដូចជាបម្រើដល់ផលប្រយោជន៍សង្គមជាតិទាំងមូល។

ចំពោះកិច្ចការទី ៣. សម្រាប់ដំណើរការកសាងក្របខណ្ឌគតិយុត្តស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាង កម្ពុជា-បារាំង និងកម្ពុជា-អាល្លឺម៉ង សម្តេចក្រឡាហោម ស ខេង បានជម្រាបជូនឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង ថា មកដល់ពេលនេះក្រុមការងាររបស់ភាគីទាំងពីរ បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីខ្លឹមសារនៃក្របខណ្ឌគតិយុត្តដោយសម្តេចក៏សង្ឃឹមជឿជាក់ថា ក្របខណ្ឌនេះនឹងពិភាក្សាបានបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដែលនឹងអាចផ្តល់លទ្ធភាពក្នុងការចុះហត្ថលេខាជាផ្លូវការដើម្បីអនុវត្តបម្រើដល់ការបង្កើត ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ នៃប្រទេសទាំងពីរកម្ពុជាបារាំង ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរផងដែរ៕