ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណ: ថ្កោលទោសការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល

ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណ: បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទាហានឈ្លានពានថៃ ដែលបានប្រើយន្តហោះ F-16 គ្រាប់បែកចង្កោម និងកាំភ្លើងធំ វាយប្រហារមកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិល។
នៅក្នុងញត្តិថ្កោលទោសរបស់ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណ: បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពួកទាហានឈ្លានពានថៃ បានធ្វើការវាយប្រហារមកលើវត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតព្រះវិហារ កុដិព្រះសង្ឃ និងទីសក្ការបូជា ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតលោកតាអាចារ្យមួយរូបផងដែរ ដែលនេះគឺជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ៕