Khmer First Close

កម្ពុជាស្នើឲ្យសហគមន៍អន្តរជាតិពិនិត្យមើលស្ថានការណ៍ប្រកបដោយសុភវិនិច្ឆ័យទៅលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ និងការប្រកាន់យកយន្តការការទូតដរាបរៀងមករបស់កម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 164
កម្ពុជាស្នើឲ្យសហគមន៍អន្តរជាតិពិនិត្យមើលស្ថានការណ៍ប្រកបដោយសុភវិនិច្ឆ័យទៅលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ និងការប្រកាន់យកយន្តការការទូតដរាបរៀងមករបស់កម្ពុជា កម្ពុជាស្នើឲ្យសហគមន៍អន្តរជាតិពិនិត្យមើលស្ថានការណ៍ប្រកបដោយសុភវិនិច្ឆ័យទៅលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ និងការប្រកាន់យកយន្តការការទូតដរាបរៀងមករបស់កម្ពុជា

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យសហគមន៍អន្តរជាតិដូចជាអង្គគារសហប្រជាជាតិពិនិត្យមើលស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយសុភវិនិច្ឆ័យទៅលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ និងការប្រកាន់យកយន្តការការទូតរបស់កម្ពុជាជាដរាបរៀងមក។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «កម្ពុជាក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ និងអាស៊ានផងដែរ សូមពិនិត្យមើលស្ថានការណ៍ប្រកបដោយសុភវិនិច្ឆ័យ ដោយពិចារណារទៅលើបរិបទប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ថៃ និងការប្រកាន់យកយន្តការការទូតរបស់កម្ពុជាជាដរាបរៀងមក ក្នុងការដោះស្រាយទំនាស់ជាមួយនឹងប្រទេសថៃ»។

ឯកឧត្តម ជុំ សុន្ទរី បានសង្កត់ធ្ងន់ថា «កម្ពុជាក៏សូមអះអាងថា ខ្លួននៅតែបន្តប្ដេជ្ញាចិត្តការពារអធិបតេយ្យជាតិ សន្តិភាព និងស្ថិរភាពតំបន់ ហើយជំរុញឲ្យភាគីថៃធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវដើម្បីបញ្ចៀសជម្លោះតានតឹងបន្ថែមទៀត»។

បើតាមលោកជំទាវ ម៉ាលី សុជាតា គិតមកដល់ម៉ោង៦ព្រឹកនេះ ភាគីថៃនៅតែបន្តឈ្លានពានមកលើទឹកដីកម្ពុជាយ៉ាងកម្រោល និងយ៉ាងគឃ្លើនជាងមុន ដែលបង្ហាញឲ្យឃើញថា ភាគីថៃមិនគោរពតាមបំណងសម្របសម្រួលឲ្យមានបទឈប់បាញ់ជាបន្ទាន់របស់លោក Donald Trump ប្រធានាធិបតីអាមេរិក ដែលបានធ្វើឡើងកាលពីម៉ោងរំលងអាធ្រាតឈានចូលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ។

គួរបញ្ជាក់ថា នេះជាថ្ងៃទី៤ ហើយនៃការឈ្លានពានរបស់យោធាថែមកលើអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ក្រោយពីយោធាថៃបានបើកការវាយប្រហារមុនមកលើកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាមាន់ធំនៅវេលាម៉ោង ៨:៤៦ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកម្ពុជាបានប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ៕

អត្ថបទទាក់ទង