រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខនាំឱ្យមានការភាន់ច្រឡំ

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុម MMO និងអ្នកសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ពីសមរភូមិមុខ ដែលកំពុងស្ថិតក្នុងការអនុវត្តបទឈប់បាញ់តាំងពីម៉ោង ១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក ហើយព័ត៌មានដែលផ្សព្វផ្សាយនោះ គ្រាន់តែឮគេថាតៗតាមគ្នា ជាព័ត៌មានមិនអាចយកជាការបានទេ។
ឯកឧត្តម នេត្រ ភក្រ្តា បានក្រើនរំលឹកប្រាប់ប្រជាពលរដ្ឋថា ព័ត៌មានផ្លូវការពីសមរភូមិ គឺមានតែក្រសួងការពារជាតិតែមួយប៉ុណ្ណោះដែលនឹងធ្វើបច្ចុប្បន្នភាពជូនដោយឈរលើការពិត ត្រឹមត្រូវ និងផ្ទៀងផ្ទាត់ច្បាស់លាស់។ ការផ្សព្វផ្សាយព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្រាន់តែលឺតាមគ្នា ជាកំហុសឆ្គង និងមិនទទួលខុសត្រូវ។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអត់ធ្មត់ និងរង់ចាំទទួលព័ត៌មានផ្លូវការដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងការពារជាតិ និងក្រសួងព័ត៌មានផ្តល់ជាផ្លូវការ ចៀសវាងការច្រឡោត និងភ័យស្លន់ស្លោរ ឬប្រតិកម្មឆ្លើយតបតាមការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ និងព័ត៌មានដែលគ្រាន់តែលឺគេថា៕