Khmer First Close

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការចោទកម្ពុជាថាបានបំពានបទឈប់បាញ់ គឺជារឿងមិនសមហេតុផល

ដោយ៖ សម្បត្តិ កិត្យា ​​ | 24 ម៉ោងមុន ព័ត៌មានជាតិ 155
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការចោទកម្ពុជាថាបានបំពានបទឈប់បាញ់ គឺជារឿងមិនសមហេតុផល អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការចោទកម្ពុជាថាបានបំពានបទឈប់បាញ់ គឺជារឿងមិនសមហេតុផល

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹក ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា តាំងពីជម្លោះកម្ពុជា-ថៃចាប់ផ្ដើម កម្ពុជាបានរងការចោទប្រកាន់ជាច្រើន ក្នុងនោះការចោទប្រកាន់ចុងក្រោយនេះដែលថា កម្ពុជាបានបំពានបទឈប់បាញ់ គឺជាការចោទប្រកាន់ដែលគ្មានហេតុផល។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា «ចុងក្រោយនេះយើងបានលឺការចោទប្រកាន់មួយចំនួនថា កម្ពុជាជាអ្នកឈ្លានពានគេ កម្ពុជាជាអ្នកបង្កជម្លោះ កម្ពុជាជាអ្នកបាញ់មុន ហើយឥឡូវនេះយើងលឺពាក្យមួយទៀតថា កម្ពុជាបានរំលោភកិច្ចព្រមព្រៀងឈប់បាញ់ដែលយើងសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី»។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា «ទាំងអស់នេះគឺជាការចោទប្រកាន់មិនសមហេតុផល និងមិនសមស្របជាមួយនឹងស្ថានភាពប្រទេសកម្ពុជាទាល់តែសោះ»។

គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចប្រជុំពិសេសស្វែងរកបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃនិងកម្ពុជាបានឯកភាពគ្នាចំនួន៣ចំណុច គឺ៖
១. បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង២៤ (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគ (យោធភូមិភាគទី១ និងទី២ ខាងថៃ និងយោធភូមិភាគទី៤ និងទី៥ ខាងកម្ពុជា) នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយជាបន្តមកទៀត ប្រសិនបើភាគីទាំងពីរឯកភាព នោះនឹងមានការជួបជាមួយក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដឹកនាំដោយប្រធានអាស៊ាន។
៣. កោះប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

សេចក្ដីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ត្រូវបានណែនាំឲ្យបង្កើតយន្តការលម្អិតសម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់។ យន្តការនេះនឹងដើរតួជាគ្រឹះ ដើម្បីសន្តិភាព និងការទទួលខុសត្រូវដោយចីរភាព៕