ក្រសួងការពារជាតិ៖ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ីបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖
ក្រសួងការពារជាតិសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពីលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។
ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕