Khmer First Close

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាតវ៉ាជាផ្លូវការទៅភាគីថៃចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជាដែលជាសកម្មភាពខុសច្បាប់អន្តរជាតិ

ដោយ៖ សម្បត្តិ កិត្យា ​​ | ម្សិលមិញ ម៉ោង 16:09 pm ព័ត៌មានជាតិ 151
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាតវ៉ាជាផ្លូវការទៅភាគីថៃចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជាដែលជាសកម្មភាពខុសច្បាប់អន្តរជាតិ អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាតវ៉ាជាផ្លូវការទៅភាគីថៃចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជាដែលជាសកម្មភាពខុសច្បាប់អន្តរជាតិ

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ ចំពោះការរំលោភបំពានរបស់ថៃដែលកំពុងតែកើនឡើង ដោយនៅថ្ងៃទី១១ ខែសីហា ឆ្នំា២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ញើលិខិតជូនក្រសួងការបរទេសប្រទេសថៃ នូវការតវ៉ាដ៏ខ្លាំងបំផុតរបស់កម្ពុជា ប្រឆាំងនឹងការបន្តកើនឡើងនូវការរំលោភបំពាន មកលើអធិបតេយ្យភាពកម្ពុជាពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់ថៃ ដែលជាការរំលោភបំពានទៅលើច្បាប់អន្តរជាតិ ហើយនិងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានសុពលភាពតាមផ្លូវច្បាប់។ ឯកឧត្តម បានថ្លែងដូចនេះ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ។

នាឱកាសនោះផងដែរ ឯកឧត្តម ជុំ សុន្ទរី បានថ្លែងបន្តថា នៅក្នុងការតវ៉ានេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្តែងនូវការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះការបំពានម្តងហើយម្តងទៀតរបស់ថៃ មកលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា ក៏ដូចជាការបំពានទៅលើបទឈប់បាញ់។

ជាមួយគ្នានោះ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាមទារឱ្យរដ្ឋាភិបាល និងកងទ័ពរបស់ថៃបញ្ឈប់ជាបន្ទាន់នូវការទន្ទ្រានចូល និងការកាន់កាប់ដោយខុសច្បាប់ ក៏ដូចជា សកម្មភាពរំលោភបំពានផ្សេងទៀតមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងដកកងទ័ព និងសម្ភារៈរបស់ខ្លួនពីទឹកដីរបស់កម្ពុជាទៅកាន់ទីតាំងដែលមានសង្គតិភាពទាំងស្រុងជាមួយនឹងព្រំដែនដែលបានបង្កើតឡើងដោយស្របច្បាប់ ហើយនិងគោរពដោយពេញលេញ គ្មានលក្ខខណ្ឌជាមួយកាតព្វកិច្ចទ្វេភាគីនិងអន្តរជាតិ រួមទាំងការឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយនិងកំណត់ហេតុនៃកិច្ចប្រជុំ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង