អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ រហូតមកដល់ពេលនេះ កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អបំផុត បើទោះបីជាមានការបង្កហេតុជាច្រើនក៏ដោយ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា «គិតមកទល់ម៉ោងនេះ កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អបំផុត ដោយគ្មានល្មើសចំណុចណាមួយទេ។ ថ្នាក់ដឹកនាំរបស់យើងគោរពបទឈប់បាញ់ កងទ័ពរបស់យើងមានវិន័យ ដោយឥតមានអ្នកណាបំពានឡើយ បើទោះបីជាមានការបង្កហេតុជាច្រើនយ៉ាងណាក្ដី។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា»។
ឯកឧត្តម ប៉ែន បូណា បានថ្លែងដូចនេះ នៅវេលាម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម ប៉ែន បូណា បានគូសរំលេចថា «យើងខ្លាំង ម៉្យាងនៅត្រង់ថាយើងគោរពបទឈប់បាញ់នេះបានយ៉ាងល្អ និងម៉្យាងទៀតកងទ័ព និងកងកម្លាំងរបស់យើងមានវិន័យ ស្ដាប់បញ្ជាមេដឹកនាំ។ នេះដែលចាត់ទុកជាចំណុចខ្លាំងរបស់យើងមកទល់នឹងម៉ោងនេះ ហើយនឹងបន្តទៀត»។
បន្ថែមពីលើនេះ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា «ការបង្កហេតុមានច្រើនយ៉ាង ដូចជាព្រឹត្តិការណ៍ដែលកើតឡើងនៅព្រំដែន ដូចជាការដាក់កង់ឡាន រាយបន្លាលួស បាញ់ជំពាមកៅស៊ូ និងការប្រើសង្គ្រាមចិត្តសាស្ត្រ វោហាសាស្ត្រ បង្កើតព័ត៌មានមិនពិត ប្រឌិត បំផ្លើសបំភ្លៃ ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ»៕