កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)ត្រូវបានបញ្ចប់ដោយជោគជ័យប្រកបដោយលទ្ធផលជាវិជ្ជមាន

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)រវាងយោធភូមិភាគទី៣របស់កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ព្រះរាជាណាចក្រថៃ បានបញ្ចប់ដោយជោគជ័យទទួលបានលទ្ធផលជាវិជ្ជមានជាច្រើនគួរឱ្យកត់សម្គាល់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់យោធភូមិភាគទី៣ កងទ័ពជើងគោកនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ បានឱ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការអនុវត្តទៅតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ភូមិចាំ វីឆាយ៉ាឆៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងពូត្រាចាយ៉ាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាម៉េរិកព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ផងដែរ។
បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និងបណ្តាយោធភូមិភាគព្រមទាំងអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធីដើម្បីជៀសវាងនូវការប៉ះទង្គិចគ្នា ការតាំងចិត្តវិជ្ជមាននិងស្មារតីឆ្ពោះទៅមុខក្នុងការពង្រឹងទំនាក់ទំនងតាមរយៈការប្រាស្រ័យទាក់ទងគ្នានិងការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិតដើម្បីកសាងទំនុកចិត្តនិងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។
លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល(CG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិតរួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែននិងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការជៀសវាងសកម្មភាពទាំងឡាយណាដែលអាចបង្កឱ្យមានភាពតានតឹងកើតឡើងជាយថាហេតុដោយរាប់បញ្ចូលទាំងការរាយបន្លាលួស និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ជាពិសេសលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតផងដែរ។
ក្នុងកិច្ចប្រជុំនោះ កម្ពុជាបានជំរុញឱ្យភាគីទាំងពីរស្វែងរកវិធានការសំខាន់ៗនិងជាក់ស្តែងដែលអាចអនុវត្តបានដើម្បីឱ្យទំនាក់ទំនងលើគ្រប់វិស័យវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញឱ្យបានឆាប់រហ័សដែលសកម្មភាពទាំងនេះនឹងជួយលើកកម្ពស់ភាពជឿជាក់និងទំនុកចិត្តរវាងគ្នាទៅវិញទៅមកហើយក៏អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើអាយុជីវិតនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ(RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕