អ្នកនាំពាក្យក្រសួងការពារជាតិ៖ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ៥ប្រទេសបានធ្វើដំណើរទៅខេត្តព្រះវិហារដើម្បីសង្កេតការណ៍ និងរាយការណ៍អំពីស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា នៅព្រឹកនេះ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ដឹកនាំដោយវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាបានចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះវិហារដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន។
គួរបញ្ជាក់ថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ៕