ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ៥ប្រទេសចុះដល់ទីតាំងផ្ទាល់តំបន់ជុំវិញប្រាសាទព្រះវិហារដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់

នៅព្រឹកថ្ងៃពុធទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជាបានអញ្ជើញពិនិត្យដល់ទីតាំងផ្ទាល់តំបន់ជុំវិញប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។
គួរបញ្ជាក់ថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការបង្កើតអ្នកសង្កេតការណ៍អន្តរកាលនេះ៕