Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គម្រោងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយ ថវិកា៤ពាន់លានដុល្លារ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 192
គម្រោងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយ ថវិកា៤ពាន់លានដុល្លារ គម្រោងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោងចំណាយ ថវិកា៤ពាន់លានដុល្លារ

 

នារសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ លោក Du Fei តំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធច្រើនរូប។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើង បន្ទាប់ពីប្រារព្ធពិធីបើកការដ្ឋានគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study – FS) និងការអនុវត្តគម្រោងខាងលើជា ០២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និងដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។ គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤ គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។

កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ត្រូវបានកំណត់សុពលភាព ដូចគ្នាទៅនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវល្បឿនលឿនកន្លងមក ប៉ុន្តែភាគីទាំងអស់អាចព្រមព្រៀងគ្នា ក្នុងការពន្យាររយៈពេលសុពលភាពនេះក្នុងករណីចាំបាច់ ដើម្បីឱ្យការសិក្សាគម្រោងខាងលើ មានភាពពេញលេញគ្រប់ជ្រុងជ្រោយ។ ជាពិសេសទាក់ទងនឹងការកំណត់ខ្សែគន្លងផ្លូវ (Alignment) ក្នុងតំបន់ខេត្តសៀមរាប ត្រូវមានការវិភាគសិក្សា និងគិតគូរឱ្យបានល្អិតល្អន់ជាទីបំផុត  ដោយហេតុថាខេត្តនេះសំបូរទៅដោយសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក និងស្ថានីយបុរាណវិទ្យាជាដើម។ 

តាមការគ្រោងទុក មិនយូរជាងបំណាច់ឆ្នាំ២០២៤នោះទេ គម្រោងនេះនឹងត្រូវប្រារព្ធពិធីបើកការដ្ឋានសាងសង់ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅ ក្រោយពិធីចុះហត្ថលេខា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រ តាមការប៉ាន់ស្មានគ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក ដែលការចំណាយជាមធ្យម ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រផងដែរ។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ ដែលកំពុងដំណើរការចរាចរណ៍ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបន្ទាយមានជ័យ៕