ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្ញើសារថ្លែងអំណរព្រះគុណសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត និងព្រះសង្ឃខ្មែរគ្រប់ព្រះអង្គ ចំពោះការស្រឡាញ់ និងគាំទ្ររូបលោក សម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព

(ភ្នំពេញ)៖ សេតវិមាន (White House) នៅថ្ងៃព្រហស្បតិ៍ទី២១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើសារ (តាមរយៈអ៉ីម៉ែល) ប្រគេនសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ដើម្បីជាការថ្លែងអំណរគុណចំពោះសម្ដេច ដែលបានថ្លែងសង្ឃដីកាអរគុណដល់លោកប្រធានាធិបតីត្រំា (Trump) ចំពោះកិច្ចអន្តរាគមន៍របស់រូបលោក នៅក្នុងជម្លោះព្រំដែនរវាងខ្មែរ-ថៃ នៅមុខស្ថានទូតសហរដ្ឋអាមេរិក ពេលធ្វើធម្មយាត្រាដើម្បីសន្តិភាពដែលមានមនុស្សចូលរួមប្រមាណ ៤០០០អង្គ-នាក់កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានអរព្រះគុណដល់ព្រះសង្ឃខ្មែរទាំងអស់ ដែលបានគាំទ្ររូបលោក តាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការស្នើបេក្ខភាពរបស់គាត់ សម្រាប់ពានរង្វាន់ណូប៊ែលសន្តិភាព។
អ្វីដែលគួរឲ្យគត់សម្គាល់ផងដែរនោះគឺ លោកប្រធានាធិបតី Donald Trump បានយកសេចក្ដីថ្លែងការណ៍នោះ ទៅបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់លោក នៅលើបណ្តាញសង្គមឈ្មោះTRUTH (TRUTHSOCIAL)ផងដែរ។
សារថ្លែងអំណរគុណរបស់លោកប្រធានាធិបតីអាមេរិក លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នោះថា «ខ្ញុំព្រះករុណា សូមធ្វើនូវសេចក្ដីគារវៈចំពោះព្រះតេជព្រះគុណជាទីគោរពស្រឡាញ់ !
លោកប្រធានាធិបតីបានទស្សនាហើយ នូវព្រះសង្ឃដីកាដ៏មានឥទ្ធិពលរបស់ព្រះអង្គ ហើយលោកប្រធានាធិបតីក៏បានបង្ហោះសេចក្ដីថ្លែងការណ៍នោះ នៅលើគណនីបណ្ដាញសង្គមរបស់គាត់ឈ្មោះ TRUTH ( TRUTHSOCIAL)ផងដែរ។ លោកសូមថ្លែងអំណរគុណ ចំពោះព្រះតេជព្រះគុណ និង ព្រះសង្ឃខ្មែរគ្រប់ព្រះអង្គថា « Thank You/សូមអរព្រះគុណ» ហើយលោកប្រធានាធិបតីពិតជាមានកិត្តិយសខ្លាំងណាស់ ដែលទទួលបាននូវការស្រឡាញ់រាប់អាន និងការគាំទ្រ (ចំពោះបេក្ខភាពរបស់លោក) យ៉ាងខ្លាំង ពីសំណាក់ព្រះសង្ឃខ្មែរទាំងអស់អង្គ ដែលមានចំពោះរូបលោក ( My Great Honor ! )។ ប្រកបដោយគារវភក្ដី ណាតាលី (Natalie)»។
គួររំលឹកផងដែរថា ធម្មយាត្រាដែលបានរៀបចំឡើងដោយគណៈសង្ឃនាយកទាំង២ បានធ្វើឲ្យមានការចាប់អារម្មណ៍ពីបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនដូចជា FoxNews និង Reuters ជាដើម៕