Khmer First Close

អ្នកនាំពាក្យក្រសួងការពារជាតិ៖កិច្ចប្រជុំ(RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត របស់ថៃនឹងប្រព្រឹត្តទៅនាព្រឹកនេះ

ដោយ៖ សម្បត្តិ កិត្យា ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ 132
អ្នកនាំពាក្យក្រសួងការពារជាតិ៖កិច្ចប្រជុំ(RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត របស់ថៃនឹងប្រព្រឹត្តទៅនាព្រឹកនេះ អ្នកនាំពាក្យក្រសួងការពារជាតិ៖កិច្ចប្រជុំ(RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត របស់ថៃនឹងប្រព្រឹត្តទៅនាព្រឹកនេះ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្រោយកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ដែលបានប្រព្រឹត្តទៅដោយរលូននិងមានភាពរីកចម្រើនជាវិជ្ជមានមួយចំនួនកាលពីម្សិលមិញ នាព្រឹកនេះនឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត របស់ថៃ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះនឹងដឹកនាំដោយគណៈប្រតិភូកម្ពុជាឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា និងឧត្តមនាវីឯក អាភិឆាត សុប្រាសឺត មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានរំលឹកថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់តាំងពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក យើងសង្កេតឃើញថាមានការវិត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរដូចជាកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)ថ្ងៃទី១៦ និង២២ ខែសីហា ឆ្នាំ២០២៥ របស់យោធភូមិភាគទី៣ នៅត្រាត និងកិច្ចប្រជុំរបស់យោធភូមិភាគទី៥ នៅខេត្តស្រះកែវ ហើយកិច្ចប្រជុំលើកទី៣ធ្វើឡើងថ្ងៃនេះ។ដូច្នេះវាមានភាពចាំបាច់ដែលភាគីទាំងពីរត្រូវកសាងលើការវិវត្តជាវិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ជាពិសេសការនាំមកវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC)គឺជាការបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃការបន្តទំនាក់ទំនងអោយបានទៀងទាត់រវាងបណ្តាយោធាក្នុងតំបន់និងបណ្តាយោធភូមិភាគនិងអង្គភាពតាមបណ្តោយព្រំដែននៃប្រទេសទំាងពីរព្រមទាំងប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីបញ្ចៀសការប៉ះទង្គិចនានាស្របតាមស្មារតីដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំ(GBC)នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង