Khmer First Close

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបានផ្ញើលិខិតតវ៉ាជាថ្មីទៅភាគីថៃប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 135
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបានផ្ញើលិខិតតវ៉ាជាថ្មីទៅភាគីថៃប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាបានផ្ញើលិខិតតវ៉ាជាថ្មីទៅភាគីថៃប្រឆាំងនឹងការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជា

ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជូនលិខិតទៅកាន់ភាគីថៃនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នូវការតវ៉ាប្រឆាំងដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរំលោភជាបន្តបន្ទាប់ដោយកងកម្លាំងរបស់ថៃចូលមកក្នុងទឹកដីរបស់កម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានមានប្រសាសន៍បន្ថែមថា នេះគឺជាការតវ៉ាលើកទី៣ ហើយបន្ទាប់ពីមានការតវ៉ាចំនួន២លើកមុននេះ នៅថ្ងៃទី១៤ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដែលការតវ៉ាលើកនេះគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:២០ នាទី យោធាថៃបានបន្តដាក់ខ្សែលួសបន្លានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សកម្មភាពនេះគឺជាការំលោភបំពានថ្មីមួយទៀតរបស់យោធាថៃចូលមកក្នុងទឹកដីរបស់កម្ពុជាហួសពីទីតាំងរបស់ពួកគេនៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា 

សកម្មភាពនេះគឺជាការំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងអោយឃើញពីការប៉ុនប៉ងដោយចេតនារបស់ថៃក្នុងការពង្រីកជម្លោះចូលទៅក្នុងតំបន់ប្រជាជនស៊ីវិល។ ជាងនេះទៅទៀត ការរំលោភនេះក៏អាចធ្វើឱ្យមានគ្រោះថ្នាក់បន្ថែមទៀតទៅដល់បទឈប់បាញ់ដែលកំពុងតែមានភាពផុយស្រួយ ហើយវាក៏ជាការផ្ទុយស្រឡះទៅនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ាប្រទេសម៉ាឡេស៊ី ក៏ដូចជាស្មារតីកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរដែលត្រូវបានគូសបញ្ជាក់បន្ថែមទៀតដោយកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា ជាមួយនិងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាតរបស់ថៃ៕

អត្ថបទទាក់ទង