Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខាហើយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 80
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខាហើយ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានចុះហត្ថលេខាហើយ

 

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នៅវិមានសន្តិភាព។

ពិធីចុះចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងលោក ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួម។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជានឹងមានលទ្ធភាពក្នុងការធ្វើពិពិធកម្មទីផ្សា រសម្រាប់ការនាំចេញទៅកាន់ប្រទេសអារ៉ាប់រួម និងអាចឈានទៅចាប់យកឱកាសទីផ្សារអារ៉ាប់ដទៃទៀតក្នុងតំបន់បជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើងដែលជាតំបន់ស្ថិតនៅក្បែរនោះ។ ចំពោះទំនិញសំខាន់ៗរបស់កម្ពុជាមួយចំនួន ជាពិសេសសម្លៀកបំពាក់ស្បែកជើង នឹងត្រូវកាត់បន្ថយពន្ធ ឬត្រូវលើកលែងពន្ធ។

លោកបន្តថា កម្ពុជាអាចពិចារណាក្នុងការនាំចូលនូវមុខទំនិញអទិភាពដែលមានគុណភាពខ្ពស់ និងតម្លៃប្រកួតប្រជែងដើម្បីបំពេញតម្រូវការក្នុងស្រុក ដូចជាប្រេងរំអិល ជ័រកៅស៊ូក្រាលថ្នល់ និងចំណីសត្វ។ លើសពីនេះទៅទៀតកម្ពុជា ក៏អាចទាក់ទាញក្រុមហ៊ុនវិនិយោគរបស់អេមីរ៉ាតអារ៉ាប់រួម និងច្បាមយកកំណើនភ្ងៀវទេសចរពីប្រទេសនេះបានផងដែរ។

តាមរយៈកិច្ចព្រមព្រៀងនេះ នឹងទទួលបានទីផ្សារប្រមាណ៩៧.៨% នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជា ទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះរួមមានមុខទំនិញកសិកម្ម មានដូចជាអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម។

ចំណែកមុខទំនិញឧស្សាហកម្ម រួមមាន៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី និងមុខទំនិញ វាយនភ័ណ្ឌរួមមាន កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ ប៉ុន្តែលើកលែងទំនិញហាមឃាត់ និងទំនិញពិសេសកំណត់ដែលភាពច្រើនជាគ្រឿងស្រវឹង​ និងសាច់ជ្រូក។

ចំណែកកម្ពុជា នឹងផ្តល់ទីផ្សារប្រមាណ ៩១.៦២% នៃបន្ទាត់ពន្ធសរុប ឬស្មើ១០ ៤៥៧ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ៗ ដែលកម្ពុជាផ្តល់ទីផ្សាររួមមាន៖ ប្លាស្ទិក កៅស៊ូ ផលិតផលប្រេងឆៅមួយចំនួន ក្រដាស ដែក និងដែកថែប ឧបករណ៍អគ្គិសនី យានយន្តសម្រាប់ដឹកទំនិញ ត្រាក់ទ័រ ជាដើម។​

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចចុះជួប សំណេះសំណាល ជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា សម្តេចបានចាត់ទុកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងបើកទីផ្សាររបស់ផលិតផលកម្ពុជា កាន់តែធំជាងមុន ធ្វើឲ្យការនាំចេញកម្ពុជាកាន់តែកើនឡើង។

គួររំលឹកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីជំនួបទ្វេភាគីរវាងលោក ប៉ាន សូរស័ក្តិ និងលោក ថានី ប៊ីន អាម៉េដ អាល ហ្សេយូឌី នាអំឡុងការចូលរួមពិព័រពិភពលោកឌុយបៃ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ។ ​ការចរចានេះមានរយៈពេល៣ជុំ ដោយប្រើរយៈពេល៦ខែ​៕

 

អត្ថបទទាក់ទង