Khmer First Close

ថ្នាក់ដឹកនាំវៀតណាមបានគាំទ្រចំពោះបទឈប់បាញ់និងការសង្កេតការណ៍បទឈប់បាញ់ដែលមានប្រសិទ្ធភាព ហើយចង់ឃើញព្រំដែនកម្ពុជា-ថៃជាព្រំដែនសន្តិភាពនិងមានប្រក្រតីភាពឡើងវិញ

ដោយ៖ សម្បត្តិ កិត្យា ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 147
ថ្នាក់ដឹកនាំវៀតណាមបានគាំទ្រចំពោះបទឈប់បាញ់និងការសង្កេតការណ៍បទឈប់បាញ់ដែលមានប្រសិទ្ធភាព ហើយចង់ឃើញព្រំដែនកម្ពុជា-ថៃជាព្រំដែនសន្តិភាពនិងមានប្រក្រតីភាពឡើងវិញ ថ្នាក់ដឹកនាំវៀតណាមបានគាំទ្រចំពោះបទឈប់បាញ់និងការសង្កេតការណ៍បទឈប់បាញ់ដែលមានប្រសិទ្ធភាព ហើយចង់ឃើញព្រំដែនកម្ពុជា-ថៃជាព្រំដែនសន្តិភាពនិងមានប្រក្រតីភាពឡើងវិញ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ទស្សនកិច្ចប្រកបដោយលទ្ធផលផ្លែផ្កាស្របជាមួយនឹងការចូលរួមខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលបានប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងបរិបទនៃពិភពលោកពោរពេញដោយភាពប្រឈមខ្ពស់ ភាគីទាំងពីរកម្ពុជា-វៀតណាម បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ដែលមានផលប្រយោជន៍និងជាកង្វល់រួម។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នូវតួនាទីដ៏សំខាន់របស់អាស៊ានជាពិសេសប្រធានអាស៊ាន(ម៉ាឡេស៊ី) ជាមួយនឹងកិច្ចសហការរៀបចំដោយសហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន ដែលសម្រេចបាននូវបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃក៏ដូចជាសារៈសំខាន់នៃការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ដ៏ចាំបាច់ដើម្បីត្រួតពិនិត្យបទឈប់បាញ់និងជួយដល់ការធ្វើឱ្យមានប្រក្រតីភាពឡើងវិញបានឆាប់។ ថ្នាក់ដឹកនាំវៀតណាមបានសម្តែងការគាំទ្រចំពោះបទឈប់បាញ់និងការសង្កេតការណ៍បទឈប់បាញ់ដែលមានប្រសិទ្ធភាព ហើយចង់ឃើញព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាពនិងមានភាពប្រក្រតីឡើងវិញតាមរយៈការដោះស្រាយដោយសន្តិវិធី តាមការចរចា ការទូត និងស្របតាមច្បាប់អន្តរជាតិ។

បន្ថែមពីនោះ ថ្នាក់ដឹកនាំទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងរវាងបក្សនៃប្រទេសទាំងពីរពិតជាមានការ រីកចម្រើនខ្លាំងក្លានិងកំពុងដើរតួនាទីជាប្រទីបបំភ្លឺនិងផែនទីចង្អុលផ្លូវសម្រាប់ការងាររដ្ឋក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្មនិងចំទិសដៅ។ ភាគីទាំងពីរបានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់កម្រិតឱ្យកាន់តែញឹកញាប់ដែលនេះជាផ្នែកមួយនៃការពង្រឹងការជឿទុកចិត្តផ្នែកនយោបាយដ៏ធំធេង និងជួយឱ្យកិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែស៊ីជម្រៅ និងមានផ្លែផ្កាច្រើន។ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងណាមួយមកបំបែកបំបាក់មិត្តភាពរបស់ប្រទេសទាំងពីរឬប្រើប្រាស់ទឹកដីរបស់ប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតឡើយ និងរួមគ្នាប្រឆាំងនឹងបដិវត្តន៍ពណ៌ឱ្យបានជាដាច់ខាត៕

អត្ថបទទាក់ទង