Khmer First Close

ទស្សនៈ ៖ តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា?

ដោយ៖ សម្បត្តិ កិត្យា ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ 135
ទស្សនៈ ៖ តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា? ទស្សនៈ ៖ តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា?

មានសំណួរជាច្រើនពីអ្នកលេងបណ្តាញសង្គមលើកឡើងថា ហេតុអ្វីបានជាកម្ពុជាមិនតបតទៅ នឹងសកម្មភាពដ៏គឃ្លើនរបស់ទាហានថៃដែលតែងចិញ្ចឹមចិត្ត បង្កបញ្ហាមិនចេះចប់ អស់ពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាការបញ្ចេញសារក្នុងចេតនាបង្កជម្លោះជាមួយកម្ពុជាក្រោមលេសការពារទឹកដីរបស់គេ ការធ្វើសកម្មភាពរាយបន្លាយលួសនៅតាមតំបន់ព្រំដែន រាយលួសបន្លា រាយស្បៃព័ទ្ធផ្ទះ និងដីភូមិរបស់ប្រជាជនកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យជាដើម។ តើកម្ពុជាអត់ធ្មត់ដល់ពេលណា?

ជាការពិតណាស់ ការបង្កបញ្ហារបស់ភាគីថៃ គឺមានចេតនាការញុះញង់ចង់ឲ្យវីរៈកងទ័ពកម្ពុជាមិនអាចអត់ទ្រាំបាន ឈានទៅផ្ទុះអាវុធសារជាថ្មី ដែលវានឹងនាំទៅដល់ការបំផ្លាញចោលទាំងស្រុងនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយប្រទេសទាំងពីរនឹងបន្តមានជម្លោះអូសបន្លាយរ៉ាំរ៉ៃតទៅមុខទៀត។ ប្រសិនបើយើងមិនមានការអត់ធ្មត់ទេ និងផ្ទុះអាវុធតាមកំហឹងដែលសត្រូវរបស់យើងចង់បាន នោះគឺជាការចូលក្នុងអន្ទាក់ឬល្បិចកលរបស់សត្រូវឈ្លានពាន ហើយដែលអាច នឹងនាំអន្តរាយដល់ប្រទេសជាតិ និងធ្វើឲ្យប្រជាជនរងទុក្ខលំបាកជាថ្មី និងក្នុងរយៈពេលវែងផងក៏ថាបាន ពិសេសប្រជាជននៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ដូច្នេះ គោលការណ៍ដែលប្រមុខរាជរដ្ឋាភិបាលប្រកាន់យក និងកងកម្លាំងក្នុងការគោរពបទបញ្ជាដោយជ្រើសរើសយកការអត់ធ្មត់ បើទោះបីជាប្រឈមនឹងការចោទសួរនិងចោទប្រកាន់ រិះគន់វាយប្រហារខ្លាំងៗពីមជ្ឈដ្ឋានក្រុមប្រឆាំងក៏ដូចចាប្រជាពលរដ្ឋមួយចំនួនក្តី ប៉ុន្តែសម្រាប់កម្ពុជា វិធីសាស្ត្រនេះ គឺពិតជាជម្រើសដ៏ល្អបំផុត ពីព្រោះការអត់ធ្មត់នាំមកនូវភាពស្ងប់សុខ រក្សាបានជីវិតមនុស្ស និងការខូចខាតផ្សេងៗ ក្រោយបទឈប់បាញ់រវាងកម្ពុជា-ថៃ ចូលជាធរមាន ពិតជាទទួលផលប្រយោជន៍ដ៏ធំធេងសម្រាប់ស្ថិរភាពនិងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជាទៅថ្ងៃអនាគត។

ការរក្សាបាននូវភាពអត់ធ្មត់ខ្ពស់ ក្នុងបញ្ហាដែលពិបាកនឹងអត់ធ្មត់ គឺធ្វើឲ្យសត្រូវរបស់យើងមិនអាចស្មានត្រូវពីយុទ្ធសាស្ត្ររបស់យើង ក៏ប៉ុន្តែអ្វីដែលយើងទទួលបានផលពីការអត់ធ្មត់នេះ គឺការកសាងភ័ស្តុតាងជាច្រើនសម្រាប់ជាមូលដ្ឋានផ្លូវច្បាប់នៅពេលដែលតុលាការអន្តរជាតិដំណើរការក្តីតាមការប្តឹងរបស់កម្ពុជា និងក្នុងកាលៈទេសៈចាំបាច់ថ្ងៃខាងមុខនៅពេលមានការត្រួតពិនិត្យជាក់ស្តែងនៃការអនុវត្តបទឈប់បាញ់ សហគមន៍អន្តរជាតិបានចូលរួមដំណើរការរៀបចំ និងសហការឱ្យមានបទឈប់បាញ់នាពេលកន្លងទៅនៅប្រទេសម៉ាឡេស៊ី។

ក្នុងបរិការណ៍នេះ យើងក៏គួរតែត្រូវបានរំលឹកខ្លះៗអំពីអតីតកាលដែលកម្ពុជាបានហែលឆ្លងកាត់សង្គ្រាមរាំងជល់តាំងពីដើមរៀងមក គឺប្រជាជនកម្ពុជាពិតជាឈឺចាប់ខ្លោចផ្សា ហើយក៏មិនចង់ជួបសង្គ្រាមទៀតទេ កម្ពុជាពិតជាមានការឯកភាពគ្នាជាធ្លុងមួយ ចង់បានសន្តិភាព និងត្រូវការរស់នៅប្រកបដោយសុខសន្តិភាពជាមួយប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ និងការប្តេជ្ញារក្សាសុខសន្តិភាព ដើម្បីកិច្ចសហប្រតិបត្តិការ និងការដោះដូរពាណិជ្ជកម្មជាដើម។ល។

ទោះបីយ៉ាងណា ក្នុងការត្រៀមខ្លួនជាស្រេចនិងភាពរឹងមាំជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនិងគាំទ្រយ៉ាងពេញទំហឹងនូវឆន្ទៈ មនសិការស្រឡាញ់ជាតិ មាតុភូមិកំរិតខ្ពស់កាត់ថ្លៃពុំបានរបស់កងទ័ពក្នុងការតស៊ូពលិកម្មដើម្បីបុព្វហេតុការពារទឹកដី ប្រឆាំងនឹងបរទេសឈ្លានពាន គឺកម្ពុជាអត់ធ្មត់ ប៉ុន្តែមិននៅស្ងៀមឡើយ។ ជម្រើសរបស់កម្ពុជា គឺបានជ្រើសរើសយកវិធីសាស្ត្រាការទូត និងគោលការណ៍ច្បាប់អន្តរជាតិក្នុងការបន្តដោះស្រាយបញ្ហាជម្លោះព្រំដែន និងស្វែងរកការគាំទ្រនូវសមានចិត្តពីបណ្តាប្រទេសនានាជុំវិញពិភពលោក ជាពិសេសប្រទេសមហាអំណាចមានអាមេរិក ចិន ជាដើម។ កម្ពុជាក៏ទទួលបាននូវការយកចិត្តទុកដាក់ពីប្រធានអាស៊ានប្តូរវេន គឺប្រទេសម៉ាឡេស៊ីយ៉ាងពេញទំហឹងផងដែរ។

ក្រោមកិច្ចសម្របសម្រួលពីប្រទេសម៉ាឡេស៊ី អនុព័ន្ធយោធារបស់ប្រទេសនានានៅកម្ពុជា បានចុះទៅផ្តិតយករូបភាពពីវិនាសកម្មដែលបង្កឡើងដោយការបាញ់ប្រហារពីសំណាក់ទាហានថៃចូលទឹកដីកម្ពុជា ការបាញ់ផ្លោង ទម្លាក់គ្រាប់ដោយអាវុធធុនធ្ងន់បំផ្លាញផ្ទះរបស់ប្រជាជន សាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង រហូតដល់ខូចាខាតយ៉ាងដំណំលើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក និងបណ្តាលឲ្យប្រជាជនកម្ពុជាស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ទៀតត្រូវជម្លៀសចេញពីផ្ទះសម្បែងទៅរកទីមានសុវត្ថិភាព។

សារព័ត៌មានបរទេសធំៗដែលពីមុនផ្សាយលំអៀងទៅប្រទេសថៃ ដោយសារតែពុំបានដឹងនូវការពិត ឬបន្ទរតាមការចុះផ្សាយមួល បំភ្លៃសភាពការណ៍ដោយសារព័ត៌មានថៃដែលបំពានវិជ្ជាជីវៈរបស់ខ្លួននិងដែលបានផ្គុំគ្នាក្នុងការផលិតព័ត៌មានក្លែងក្លាយដ៏សំបូរបែបបម្រើឱ្យរដ្ឋាភិបាលថៃ និងយោធាឈ្លានពាន នៅពេលនេះសារព័ត៌មានបរទេសធំៗពួកគេបានផ្សាយពីស្ថានភាពពិតជាក់ស្តែងនៅកម្ពុជាទៅកាន់ពិភពលោកហើយ និងបានបង្ហាញថា កម្ពុជា គឺជាជនរងគ្រោះយ៉ាងពិតប្រាកដ និងថា ប្រជាជនកម្ពុជា ពិតជាត្រូវការសន្តិភាព។ ទាំងអស់នេះ គឺសុទ្ធតែជាភ័ស្តុតាងជុំវិញទង្វើបំពានរបស់ភាគីថៃ។

កម្ពុជា ជ្រើសយកវិធីសាស្ត្រការទូតដ៏ប៉ិនប្រសប់ និងធ្វើកិច្ចការងារការទូតយ៉ាងសកម្ម ដើម្បីបញ្ចៀសការបង្ហូរឈាម ជាជាងជ្រើសយកកំហឹងទល់កំហល់ជាមួយសត្រូវដែលស្រេកឃ្លានចង់បានទឹកដីកម្ពុជានិងចង់ធ្វើសង្គ្រាម។ ការរំលត់បញ្ហានៃជម្លោះព្រំដែន ឬសង្គ្រាមលើលោក គេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ នៅចុងទីបំផុតមានតែការចរចាដោយសន្តិវិធី និងតាមរយៈផ្លូវច្បាប់អន្តរជាតិតែប៉ុណ្ណោះ ទើបអាចបញ្ចប់ជម្លោះបាន។

ក្នុងការបរិយាយមកនេះ គឺជាការពញ្ញាក់អារម្មណ៍ទៅមតិរិះគន់ ឬអាចឆ្លើយទៅនឹងចម្ងល់បានខ្លះនូវសំនួរដែលចោទសួរថា« តើកម្ពុជាត្រូវអត់ធ្មត់ដល់ពេលណា? ចំលើយដែលយើងទាំងអស់គ្នាគួរត្រូវស្ងប់ចិត្តបាន គឺយើងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជាប្រមុខនិងសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជាដែលមានបទពិសោធន៍ដឹកនាំប្រទេសនិងយុទ្ធសាស្ត្រដ៏ច្បាស់លាស់ក្នុងសមរភូមិ និងកិច្ចការទូត គឺថ្នាក់ដឹកនាំទាំងពីរ តេជោ-ធិបតី ពិតជាមានភាពវៃឆ្លាតក្នុងការដឹកនាំប្រទេស ដែលបាននិងកំពុងអត់ធ្មត់ក្នុងកំរិតអតិបរមា ហើយស៊ូទ្រាំខាំមាត់សង្កត់ចិត្ត ពីព្រោះតែចង់ឃើញប្រជាជនកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ និងបញ្ចៀសបាននូវការបង្ហូរឈាម ឬការបាត់បង់ជីវិតជាថ្មី៕
ដោយៈ សុខ សុវណ្ណ

អត្ថបទទាក់ទង