អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងខិតខំតាមគ្រប់មធ្យោបាយក្នុងការដោះស្រាយករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីយ៉ាងប្តូរផ្តាច់តាមគ្រប់មធ្យោបាយ។
ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍បន្ថែមថា ចំពោះករណីបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃបានធ្វើសកម្មភាពជាឯកតោភាគីចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មកបានធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាយូរលង់មកហើយ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារយ៉ាងសកម្មដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ដែលមានជាធរមានដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជម្រាបជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធតាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ៕