Khmer First Close

ជាន់ឈ្លីបទឈប់បាញ់៖ ទាហានថៃអនុវត្តច្បាប់ថៃលើទឹកដីកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 151
ជាន់ឈ្លីបទឈប់បាញ់៖ ទាហានថៃអនុវត្តច្បាប់ថៃលើទឹកដីកម្ពុជា ជាន់ឈ្លីបទឈប់បាញ់៖ ទាហានថៃអនុវត្តច្បាប់ថៃលើទឹកដីកម្ពុជា

វាជារឿងគួរឲ្យហួសចិត្តណាស់ ដែលទាហានថៃបានអនុវត្តន៍ច្បាប់ថៃនៅលើទឹកដីកម្ពុជា ដោយបានប្រើប្រាស់អំពើហិង្សាយ៉ាងសាហាវឃោរឃៅអមនុស្សធម៌ជាទីបំផុតមកលើប្រជាជនស្លូតត្រង់កម្ពុជា។ ទាហានថៃ បានប្រើប្រាស់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក បាញ់ផ្សែងពុលប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម ស្រវាំងភ្នែក ថប់ដង្ហើម និងបាញ់កាំភ្លើងគ្រប់ជ័រ ចំពាមកៅស៊ូ គ្រាប់ឃ្លី គ្រាប់ជ័រ មកលើអ្នកភូមិកម្ពុជា ដោយបណ្តាលឲ្យព្រះសង្ឃ និងប្រជាជនស៊ីវិល រងរបួសធ្ងន់-ស្រាលជិត ៣០អង្គ/នាក់។ មិនតែប៉ុណ្ណោះ ទាហានថៃ ក៏បានប្រើឧបករណ៍បំពងសម្លេងឮខ្លាំង ប៉ះពាល់ដល់ប្រពន្ធ័ប្រាសាទ និងប៉ះក្រដាសត្រចៀកផងដែរ។

ទាហានថៃបានរំលោភបំពានយ៉ាងកម្រោលមកលើទឹកដីអធិបតេយ្យភាពកម្ពុជា ដោយបានរាយបន្លាសលួសព័ទ្ធយកទឹកដីខ្មែរ ភូមិដែលប្រជាជនខ្មែរបានរស់នៅជាយូរមកហើយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានចាត់ទុកតំបន់នោះជាទឹកដីរបស់ពួកគេតាមរយៈផែនទីចោរសៀមជាឯកត្តោភាគីខ្នាត ១/៥០០០០ ដែលអន្តរជាតិពុំទទួលស្គាល់។ ទង្វើបំពានច្បាប់អន្តរជាតិម្តងហើយម្តងទៀតរបស់ទាហានថៃ នៅពេលនេះ គឺពិតជាបង្ហាញឲ្យពិភពលោកបានឃើញថា ប្រទេសថៃកាន់តែគឃ្លើនហើយមិនខ្លាចញញើតនឹងច្បាប់អន្តរជាតិឡើយ។

ការឈ្លានពានអធិបតេយ្យភាព និងការលុកលុយចូលប្រទេសកម្ពុជាពីសំណាក់ប្រទេសថៃ ដែលគេតែងតែនិយាយថាជាចោរសៀម គឺជារឿងប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយដែលប្រជាជនខ្មែរមិនអាចបំភ្លេចបាន។ ទោះបីជាមានការព្រួយបារម្ភពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ ចោរសៀមនៅតែធ្វើមិនដឹងមិនលឺ ហើយបន្តធ្វើសកម្មភាពរំលោភបំពាន និងប៉ុនប៉ងរំកិលព្រំដែនបន្តិចម្តងៗមកលើដែនដីខ្មែរនៅតំបន់ព្រំដែន ដែលពលរដ្ឋកម្ពុជានឹងមិនអាចឈរឱបដៃមើលសកម្មភាពឈ្លានពានតាមទំនើងចិត្តបានឡើយ។

កងកម្លាំងយោធាសៀមបានព្យាយាមលុកលុយចូលក្នុងទឹកដីខ្មែរនៅតំបន់ព្រំដែនជាច្រើន ដូចជានៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប បាត់ដំបង និងខេត្តព្រះវិហារជាដើម។ សកម្មភាពទាំងនេះ គឺជាផែនការរៀបចំយូរអង្វែងរបស់សៀម ដើម្បីធ្វើឲ្យការឈ្លានពានកាន់តែមានប្រសិទ្ធភាព និងក្នុងគោលបំណងបំភាន់ភ្នែកសហគមន៍អន្តរជាតិថា ទឹកដីនោះជារបស់ពួកគេ។ ពួកក្រុមជ្រុលនិយម និងកងទ័ពសៀមដែលល្មោភសង្រ្គាម តែងតែបង្កើតព្រឹត្ដិការណ៍អាក្រក់ ឃោរឃៅ និងការរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនមកលើកម្ពុជា ដែលពួកនេះតែងយាយីម្តងហើយម្តងទៀតមិនចេះឈប់ឈរតាមមហិច្ឆតាឈា្លនពានរបស់ពួកវា។

ចាប់តាំងពីមានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ កងទ័ពនៃប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នា ដែលងាយផុយស្រួយក្នុងការផ្ទុះសង្រ្គាមជាថ្មី។ ទោះយ៉ាងណាក៏កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន បានឈរការពារដែនអធិបតេយ្យយ៉ាងរឹងមាំតាមខ្សែបន្ទាត់ព្រំដែន ហើយប្ដេជ្ញាដាច់ខាតមិនឲ្យពួកឈ្លានពានទាំងនេះ មកឆក់ប្លន់ទឹកដីសូម្បីតែមួយមីលីម៉ែត្រនោះឡើយ។

ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងប្រកាន់ជំហរដោះស្រាយជម្លោះតាមច្បាប់អន្ដរជាតិ និងដោយសន្ដិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព និងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និងប្ដេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្ដិភាព ប៉ុន្ដែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេសណាមួយឡើយ ហើយប្ដេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ៕
ដោយៈ សុខ សុវណ្ណ

អត្ថបទទាក់ទង