ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារទូទៅនៃកិច្ចប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA80) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាមិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះតូចជាងកម្ពុជាក៏ដោយ ព្រោះអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព ។ កម្ពុជាបានឆ្លងកាត់សង្គ្រាមបីទសវត្សរ៍ រួចមកហើយ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍។ ដូច្នេះ យើងបានយល់ច្បាស់ពីសង្គ្រាម ហើយអ្វីដែលយើងចង់បាន គឺសន្តិភាព។
នៅក្នុងជំនួបនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា កម្ពុជាផ្តល់ទំនុកចិត្តយ៉ាងខ្លាំងចំពោះអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ការគ្រប់គ្រងនិងដោះស្រាយវិវាទដោយសន្តិវិធី ព្រមទាំងការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណឯកឧត្តមអគ្គលេខាធិការ អ.ស.ប. និងបានពាំនាំអំណរគុណរបស់ររាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមគាំទ្រដល់ការបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្ដីថ្លែងការណ៍ជាវិជ្ជមានរបស់ឯកឧត្តមដែលអំពាវនាវឱ្យភាគីទាំងសងខាងឈប់ប្រើប្រាស់កម្លាំង ហើយបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការបន្តប្រឹងប្រែងជួយក្នុងកិច្ចការនេះ។ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងស្តារប្រក្រតីភាពក្នុងទំនាក់ទំនងរបស់យើងជាមួយប្រទេសថៃឡើងវិញ៕