Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា

ដោយ៖ ម៉ក់ ម៉ារឌី ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1177
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ច និងវិនិយោគធំៗនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី នៅដឺព្រីមៀសេនធឺសែនសុខ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ច និងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូ ពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និង សកល»។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន។

សម្តេចសូមចែករំលែកនូវអារម្មណ៍រំភើបរីករាយ ប្រកបដោយមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេច ឱ្យបាននូវ ចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ស​ម្តេចបានចាត់ទុកថា នេះជាសក្ខីកម្ម បញ្ជាក់ឱ្យឃើញពីចំណងមេត្រីភាពយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក៏ដូចជាការរួបរួមគ្នាវេញជាធ្លុងមួយរវាងភាគីទាំងពីរ ក្រោមម្លប់ត្រឈឹងត្រឈៃនៃសុខសន្តិភាព ដើម្បីបុព្វហេតុ ជាតិមាតុភូមិ និងការអភិវឌ្ឍដ៏យូរអង្វែងនៅកម្ពុជា។

បើតាម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា, គិតត្រឹមដើមឆ្នាំ២០២៣នេះ អ្នកដែលមានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ា មានចំនួនច្រើន ជាង១០០០នាក់ ដែលត្រូវបានព្រះមហាក្សត្រជាទីគោរព សក្ការៈប្រោសព្រះរាជទាន គោរមងារដ៏ខ្ពង់ ខ្ពស់នេះជូន។ យ៉ាងណាក៏ដោយ មានការកត់សម្គាល់ថា គោរមងារឧកញ៉ាហាក់បានធ្លាក់ចុះ ប្រជាប្រិយភាពបន្តិចនារយៈពេលចុងក្រោយនេះដោយមូលហេតុមួយចំនួន៕

អត្ថបទទាក់ទង