Khmer First Close

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខនិងសុវត្ថិភាពរួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ 338
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខនិងសុវត្ថិភាពរួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ៖ រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខនិងសុវត្ថិភាពរួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន

ក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីស្នាក់ការអាជ្ញាធរមីន ជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីសមិទ្ធផលសម្រេចបាននិងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចង់ឃើញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង រួចផុតពីគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានវាយតម្លៃខ្ពស់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្រ្តរវាងកម្ពុជា-រុស្សីអស់រយៈពេល៦៩ឆ្នាំ ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់រដ្ឋាភិបាលនៃសហព័ន្ធរុស្សី ដែលបានជួយដល់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាក្នុងនោះជួយកសាងធនធានមនុស្សនៅកម្ពុជាផងដែរ។

ឯកឧត្តម Anatoly Borovik ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសមិទ្ធផលសម្រេចពាក់ព័ន្ធនឹងកិច្ចការសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ទី ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកម្ពុជាគ្មានមីនឆ្នាំ២០៣០។ ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរដ្ឋទូតបានស្នើសុំឱ្យអាជ្ញាធរមីនផ្តល់នូវកិច្ចសហការ និងស្វាគមន៍ចំពោះដំណើរទសន្សកិច្ចរបស់គណៈប្រតិភូ និងមន្រ្តីជំនាញរុស្ស៊ី ដែលនឹងអញ្ជើញមកប្រទេសកម្ពុជានាឆ្នាំក្រោយសម្រាប់សិក្សាស្វែងយល់និងដកបទ ពិសោធន៍អំពីកិច្ចប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ជាការឆ្លើយតប តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសិក្សាស្វែងយល់វិស័យសកម្មភាពមីននៅកម្ពុជានាឆ្នាំក្រោយរបស់គណៈប្រតិភូនិងមន្រ្តីជំនាញមកពីប្រទេសរុស្ស៊ី៕

អត្ថបទទាក់ទង