Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា ព្យាករថានឹងសម្រេចក្នុងកំណើនរង្វង់៦.៦% ទោះបីកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1164
សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា ព្យាករថានឹងសម្រេចក្នុងកំណើនរង្វង់៦.៦% ទោះបីកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជា ព្យាករថានឹងសម្រេចក្នុងកំណើនរង្វង់៦.៦% ទោះបីកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេច បានក្នុងអត្រាកំណើនរង្វង់ ៦.៦% ទោះបីជាកម្ពុជាកំពុងហ៊ុំព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថា បានបន្តកើនឡើងក្នុងអត្រា ប្រមាណ៥.៤%។ ដោយឡែក នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹង សម្រេចបានក្នុងអត្រា កំណើនរង្វង់ ៦.៦% ទោះបីជាកម្ពុជាកំពុងហ៊ុមព័ទ្ធដោយភាព មិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយដូចជា៖ ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន បញ្ហា កោះ តៃវ៉ាន់ កំណើន អតិផរណា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ និងការថមថយនៃ សេដ្ឋកិច្ច ចិននិង តំបន់សហភាពអឺរ៉ុប ជាដើម»។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កំណើនដែលពោរពេញដោយថាមវ័ន្ត និងជវភាពនេះ មិនអាច កាត់ផ្ដាច់ចេញពី ការចូលរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងបងប្អូនជនរួមជាតិទាំងអស់គ្នាឡើយ។ ដូច្នេះហើយ សម្ដេចសូមកោតសរសើរ យ៉ាងស្ម័គ្រស្មោះ ព្រមទាំងសូមថ្លែងអំណរគុណនូវការចែករំលែកធនធាន និងទឹកចិត្តលះបង់ ចូលរួមកន្លងមក ហើយសម្ដេចសូមលើកទឹកចិត្តឲ្យស្មារតី វិជ្ជមានទាំងនេះ នៅតែបន្តមានតរៀងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃវិស័យឯកជន ជាពិសេសវិនិយោគិនក្នុងស្រុក ក្នុងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ និងតែងចាត់ទុកវិស័យឯកជនជាក្បាល ម៉ាស៊ីន ក្នុងការរុញច្រាន កំណើនសេដ្ឋកិច្ច។

ជាក់ស្ដែងតាមរយៈទិន្នន័យកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨ ដល់២០២២ ទុនវិនិយោគ ក្នុងស្រុកប្រចាំឆ្នាំតែងតែបានឈរនៅ លំដាប់លេខរៀងទី១ ឬទី២ នៃទុនវិនិយោគសរុប។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន៕

អត្ថបទទាក់ទង