ក្រសួងការបរទេសរៀបចំវេទិកាសាធារណៈ និងតាំងពិព័រណ៍ម្ហូបអាហារ នៅក្នុងទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៣
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដែលជាឱកាសដ៏ឧត្តុង្គឧត្តមនៃខួប៧ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រសួងការបរទេស បានរៀបចំ “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” ដោយមានការផ្សព្វផ្សាយសារលិខិតរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ជូនចំពោះប្រជាជននៃបណ្តាប្រទេសមេគង្គ-ឡានឆាង (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ព្រមទាំងបានរៀបចំវេទិកាសាធារណៈ និងស្តង់ពិព័រណ៍ម្ហូបអាហារ ដើម្បីដាក់តាំងបង្ហាញ និងផ្សព្វផ្សាយដល់សាធារណៈជនអំពីមុខម្ហូបរបស់ប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
វេទិកាសាធារណៈ និងការតាំងពិព័រណ៍ម្ហូបអាហារខាងលើ បានប្រព្រឹត្តិទៅនៅក្នុងបរិវេណ The Commune (ទួលគោក) ក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានលេខាធិការដ្ឋានជាតិមេគង្គ-ឡានឆាង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងស្ថានទូត នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង សមាជិកលេខាធិការដ្ឋានជាតិមេគង្គ-ឡានឆាង តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមទាំងសាស្ត្រាចារ្យ និងនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យ សរុបចំនួនប្រមាណ២៥០ រូប។
តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង ដែលមានទឹកប្រាក់ប្រមាណ៣១លានដុល្លារអាមេរិក។ វិសាលភាពនៃសកម្មភាពកិច្ចសហប្រតិបត្តិការនេះ មានភាពចម្រុះ និងគ្របដណ្តប់លើវិស័យអាទិភាពជាច្រើនរាប់ចាប់តាំងពីវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ រហូតដល់ការពង្រឹងភាពអង់អាចដល់ស្ត្រី ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។ ព្រឹត្តិការណ៍នេះ បង្ហាញឱ្យឃើញច្បាស់នូវសមិទ្ធិផល និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់មេគង្គ-ឡានឆាង សម្រាប់ប្រជាជននៅក្នុងតំបន់នេះ ដើម្បីបន្តទទួលបានអត្ថប្រយោជន៍សង្គម-សេដ្ឋកិច្ច ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ជាមួយនឹងឥទ្ធិពលវិជ្ជមានជាច្រើននៅតែបន្តរាប់ទសវត្សរ៍ខាងមុខ។
នៅក្នុងបរិបទនេះ ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើរតួជានិមិត្តសញ្ញា និងស្មារតីនៃភាពជោគជ័យដ៏អស្ចារ្យនៃកិច្ចសហការដ៏រឹងមាំរបស់យើងក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងបង្ហាញពីស្មារតីពិត នៃកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ មិនកំណត់ត្រឹមតែវិស័យវប្បធម៌ និងមិត្តភាពប្រពៃណីប៉ុណ្ណោះទេ ក្នុងគោលបំណងដើម្បីជំរុញសមាហរណកម្មអនុតំបន់ ក៏ដូចសម្រេចឱ្យបាននូវចក្ខុវិស័យរបស់មេដឹកនាំរបស់យើង ក្នុងការកសាងសហគមន៍នៃអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាពក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង ដូចដែលបានចែងនៅក្នុងសេចក្តីប្រកាសសាន់យ៉ាឆ្នាំ២០១៦៕