គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃចាត់ទុកការចាក់សំឡេងរំខាននៅភូមិជោគជ័យនិងភូមិព្រៃចាន់ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីជូនដំណឹងថា ក្រោយពី គ.ស.ម.ក. បានដាក់ញ្ញត្តិបន្ទាន់ទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ គឺជាបុគ្គលទី៣ បន្ទាប់ពីលោកជំទាវ AngkhanaNeelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ
និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលបានទទួលស្គាល់ថា ទង្វើទាំងនេះជាការរំលោភសិទ្ធិ
មនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។ ការណ៍នេះ បានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ ចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ខ្លឹមសារ លោក Sunai Phasuk បានលើកឡើងថា « ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេងកណ្តឹង និងយន្តហោះ ដោយបុគ្គលឈ្មោះ កាន់ ចម ផាលាំង (Kan Jom Phalang) គឺជាប្រតិបត្តិការខាងផ្លូវចិត្ត
ដែលពាក់ព័ន្ធនឹងសំឡេង ក្នុងការធ្វើទារុណកម្ម រំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេសអនុសញ្ញប្រឆាំងទារុណកម្ម) និងច្បាប់របស់ប្រទេសថៃ។
គោលបំណងចម្បង គឺការបង្កើនសំឡេងឆ្លងកាត់បន្លាលួស ឆ្ពោះទៅសហគមន៍ប្រជាជនកម្ពុជា
ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយញុះញ៉ង់ គំរាម
កំហែង និងការបង្កើតភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា
ការយករថយន្តដែលបំពាក់ដោយគ្រឿងបំពងសំឡេងទៅចតនៅក្នុងតំបន់ច្បាប់អជ្ញាសឹក ជាកន្លែង
ដែលគ្មានអ្នកណាចូលបានតាមអំពើចិត្ត ជាពិសេសនៅពេលយប់ ទោះបីជាអ្នកប្រព្រឹត្តិមិនមែនជាអ្នក
មានតួនាទីក៏ដោយ ហេតុអ្វីបានជាកងទ័ពមិនរារាំង នៅធ្វើមិនដឹងមិនឮបែបនេះ»៕