កម្ពុជា-កូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាបន្ទាប់ពីទទួលបានលទ្ធផលល្អនាពេលកន្លងមក
កម្ពុជា-កូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាបន្ទាប់ពីទទួលបានលទ្ធផលល្អនាពេលកន្លងមក
យោងតាមការបង្ហោះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេច ជាមួយឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ អំពីការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។
នៅក្នុងជំនួបនោះផងដែរ កម្ពុជានិងសាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម។
គូសបញ្ជាក់ផងដែរថា ជាក់ស្តែងក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយនឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កម្ពុជា ក៏បានឯកភាពគ្នា ក្នុងការរួមគ្នាផ្សព្វផ្សាយអោយបានទូលំទូលាយនូវពត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរ៕






