ស្ថាប័នកំពូលពីររបស់កម្ពុជាចេញមុខច្រានចោលការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានលួចចូលទៅដាក់មីនថ្មីក្នុងដីថៃ
ស្ថាប័នកំពូលពីររបស់កម្ពុជាចេញមុខច្រានចោលការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានលួចចូលទៅដាក់មីនថ្មីក្នុងដីថៃ
ភ្លាមៗបន្ទាប់ពីមានយោធារបស់ខ្លួនជាន់មីនពេលកំពុងដើរល្បាតនៅក្បែរប្រាសាទព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថាប័នកំពូលចំនួនពីររបស់កម្ពុជាបានចេញមុខទាត់ចោលការចោទប្រកាន់របស់ថៃដែលថា កម្ពុជាបានលួចចូលទៅដាក់មីនថ្មីក្នុងដីរបស់ខ្លួន។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ក្រសួងការពារជាតិ របស់កម្ពុជា កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការនូវការចោទប្រកាន់នេះ ដោយបានហៅថា ជាការចោទប្រកាន់មិនមានមូលដ្ឋាន និងជាការយកលេសដើម្បីផ្អាកអនុវត្តសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ជាពិសេសគឺដើម្បីលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ដែលភាគីថៃបានប្រកាសថានឹងដោះលែងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះ។
បើតាមក្រសួងការបរទេស បានសង្កត់ធ្ងន់ថា វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងលឺយ៉ាងសុះសាយនូវការពិតដែលថា ចម្ការមីនភាគច្រើននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈពេលជិត ៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។
រីឯក្រសួងការពារជាតិវិញ បានគូសបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ ក្រសួងបានបន្តថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
គួបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានទាហានថៃដើរល្បាតជាន់មីនចំនួន ៧ ករណីហើយ ដោយក្នុងនោះ៖
– ករណីទី ១: ថ្ងៃទី ១៦ ខែកក្កដា បណ្ដាលឲ្យទាហាន ១ នាក់ដាច់ជើង និង របួសសរុប ៣ នាក់, ទីតាំង: ភ្នំ ៤៨១ ចុងបុក
– ករណីទី ២: ថ្ងៃទី ២៣ ខែកក្កដា បណ្ដាលឲ្យទាហាន ១ នាក់ដាច់ជើង, ទីតាំង: ច្រកអានសេះ
– ករណីទី ៣: ថ្ងៃទី ២៨ ខែកក្កដា បណ្ដាលឲ្យទាហាន ១ នាក់ដាច់ជើង, ទីតាំង: ប្រាសាទតាក្របី
– ករណីទី ៤: ថ្ងៃទី ៩ ខែសីហា បណ្ដាលឲ្យទាហាន ១ នាក់ដាច់ជើង របួសសរុប ៣ នាក់, ទីតាំង: តំបន់ព្រំដែន ដូនអូ-គ្រឹស្នា
– ករណីទី ៥: ថ្ងៃទី ១២ ខែសីហា បណ្ដាលឲ្យទាហាន ១ នាក់ដាច់ជើង, ទីតាំង: ប្រាសាទតាមាន់ធំ
– ករណីទី ៦: ថ្ងៃទី ២៧ ខែសីហា បណ្ដាលឲ្យទាហាន ១ នាក់ដាច់ជើង, ទីតាំង: ប្រាសាទតាក្របី
– ករណីទី ៧: ថ្ងៃទី ១០ ខែវិច្ឆិកា បណ្ដាលឲ្យទាហាន ១ នាក់ដាច់ជើង របួសសរុប ២ នាក់, ទីតាំង: តំបន់ ជិតភ្នំទ្រព្យ ខេត្តសុីសាកេត





