សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិតទាំងអស់ទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ខណៈកម្មករនិយោជិតនឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្មួលរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ រួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ បើគ្មានសន្ដិភាព រោងចក្រ ក៏គ្មានការងារធ្វើ ហើយសម្រាប់បងប្អូនកម្មករនិយោជិតក៏គ្មានការងារដូចគ្នាដែរ៕