ឯកឧត្តម កែវ រ៉េមី ប្រាប់រដ្ឋមន្រ្តីសិទ្ធិមនុស្សឥណ្ឌូនេស៊ីថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទីដែលបានទទួលស្គាល់ជាអន្តរជាតិ
ឯកឧត្តម កែវ រ៉េមី ប្រាប់រដ្ឋមន្រ្តីសិទ្ធិមនុស្សឥណ្ឌូនេស៊ីថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទីដែលបានទទួលស្គាល់ជាអន្តរជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃ គឺកើតឡើងដោយសារថៃមិនឯកភាពប្រើប្រាស់ផែនទី ដែលបានទទួលស្គាល់ជាអន្តរជាតិ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ប៉ុន្តែបែរជាប្រើផែនទីដែលថៃគូសដោយឯកតោភាគី ទៅវិញ។ ដោយសារតែប្រទេសកម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ទើបផ្តល់ឱកាសឱ្យទាហានថៃបានចូលមកចាប់ ទាហានកម្ពុជាដោយខុសច្បាប់ចំនួន២០រូប ហើយបច្ចុប្បន្នទាហានកម្ពុជាចំនួន១៨រូប ដែលថៃបន្តឃុំខ្លួន ដើម្បីធ្វើជាចំណាប់ខ្មាំងក្នុងការដោះដូរនឹងអ្វីដែលពួកគេចង់បាន។
ម្យ៉ាងវិញទៀត ប្រទេសថៃតែងតែយកបញ្ហាជាន់មីន មកធ្វើជាលេស ដើម្បីបង្កើនភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ពាក់ព័ន្ធនឹង បញ្ហាមីន ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានចម្ការមីនរាប់សិបហិកតា ដែលបានបន្សល់ទុកនៅតាមព្រំដែនពីសម័យសង្គ្រាមស៊ីវិលនាអំឡុងទសវត្សរ៍ទី៨០ និងបានលើកជាសំណួរថា “រាល់ពេល ទាហានថៃជាន់មីន ថាតើជាន់មីនក្នុងទឹកដីកម្ពុជា ឬជាន់មីនក្នុងទឹកដីថៃខ្លួនឯង”។ បើទាហានថៃជាន់មីនក្នុង ទឹកដីកម្ពុជា នោះបញ្ជាក់ថាពួកគេបានលួចចូលក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ និងបានជាន់មីនចាស់ដែលបានបន្សល់ទុកពីសម័យសង្គ្រាម ប៉ុន្តែបើពួកគេជាន់មីនក្នុងទឹកដីថៃ នោះគឺជាការទទួលខុសត្រូវរបស់ថៃខ្លួនឯង មិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។
លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងទៀតថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ គោលការណ៍ទាំងនេះគឺជាមូលដ្ឋានសំខាន់ សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរពច្បាប់ និងការរួបរួមជាតិរបស់ប្រទេសសមាជិកទាំងអស់៕






