យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាចំនួន២លើក ប៉ុន្តែកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតឡើយ
យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាចំនួន២លើក ប៉ុន្តែកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតឡើយ
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់ក្រសួងការពារជាតិបានឲ្យដឹងថា
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដូចតទៅ៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់ត្រានូវការបង្កហេតុរបស់យោធាថៃដោយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។
ក្រសួងការពារជាតិកម្ពុជាសូមបដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិនិងអន្តរជាតិនិងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
លើសពីនេះ នៅវេលាម៉ោងប្រមាណ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជាក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជានៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយប្រើកាំភ្លើងដៃនិងកាំភ្លើងត្បាល់បាញ់ជាច្រើនគ្រាប់។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងការដោះស្រាយជម្លោះដោយ សន្តិវិធីស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយនិងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញា អនុសញ្ញានិងកិច្ចព្រម ព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំងសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែងនិងស្របតាមច្បាប់ អន្តរជាតិព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ៕





