ក្រសួងការពារជាតិ៖ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិល បាត់បង់ជីវិតចំនួន ២នាក់
ក្រសួងការពារជាតិ៖ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិល បាត់បង់ជីវិតចំនួន ២នាក់
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ថា៖
យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ១២:៥៩នាទីរំលងអាធាត្រចូល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានឈានបើកការបាញ់ប្រហារមកលើ កម្ពុជាកាន់តែខ្លាំងឡើង នៅភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៥៦ បាត់បង់ជីវិតចំនួន ២នាក់ ដោយសារគ្រាប់ផ្លោងរបស់យោធាថៃ។
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា។
ភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើប្រាស់កម្លាំងយោធា។
ទន្ទឹមនឹងនេះ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តវិញនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធានអាស៊ានប្តូរវេន៕




