Khmer First Close

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពានយ៉ាងព្រៃផ្សៃ សាហាវ ឃោរឃៅ អមនុស្សធម៌របស់យោធាថៃ មកលើទឹកដីកម្ពុជា

ដោយ៖ សម្បត្តិ កិត្យា ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ 205
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពានយ៉ាងព្រៃផ្សៃ សាហាវ ឃោរឃៅ អមនុស្សធម៌របស់យោធាថៃ មកលើទឹកដីកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពានយ៉ាងព្រៃផ្សៃ សាហាវ ឃោរឃៅ អមនុស្សធម៌របស់យោធាថៃ មកលើទឹកដីកម្ពុជា

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សម្តែងការសោកស្តាយយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឈ្លានពានយ៉ាងព្រៃផ្សៃ សាហាវ ឃោរឃៅ អមនុស្សធម៌របស់យោធាថៃ មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានៅតំបន់ជាច្រើន។

តាមរយៈញត្តិថ្កោលទោស ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ចំពោះអំពើឈ្លានពានយ៉ាងព្រៃផ្សៃ សាហាវ ឃោរឃៅ យោធាថៃ មកលើទឹកដីកម្ពុជានៅតំបន់ជាច្រើន ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្ដពោធិ៍សាត់ និងខេត្ដបាត់ដំបង ដោយប្រើប្រាស់យន្តហោះ F16 យន្តហោះ AT-6 ប្រភេទទម្លាក់គ្រាប់បែក ដ្រូនទម្លាក់គ្រាប់បែក អាវុធធន់ធ្ងន់ និងផ្សែងពុល កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង សាលារៀន ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ប្រាសាទនានារបស់កម្ពុជានៅតាមបណ្តោយព្រំដែន ព្រមទាំងបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាមួយចំនួនបានរងរបួសនិងស្លាប់បាត់បង់ជីវិត ហើយប្រជាពលរដ្ឋនិងកុមារជាច្រើននាក់ត្រូវបង្ខំចិត្តចាកចោលលំនៅឋានដើម្បីទៅរកទីទួលសុវត្ថិភាព។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចាត់ទុកសកម្មភាពឈ្លានពានយ៉ាងគឃ្លើននិងអមនុស្សធម៌របស់យោធាថៃនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្ដរជាតិ ច្បាប់មនុស្សធម៌អន្ដរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងទ្វេភាគី ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ» ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានធ្វើជាសាក្សី។ អរិភាពយ៉ាងព្រៃផ្សៃបង្កឡើងដោយកងកម្លាំងយោធាថៃតាមរយៈការប្រើប្រាស់«ច្បាប់ព្រៃ»នេះ ពិតជាបានស្តែងឱ្យឃើញយ៉ាងច្បាស់អំពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រំលោភបំពានលើMOU ឆ្នាំ២០០០ និងTOR ឆ្នាំ២០០៣ ព្រមទាំងសមិទ្ធផលការងារវាស់វែងនិងខណ្ឌសីមាព្រំដែនដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់និងដោយឥតលក្ខខណ្ឌនូវសកម្មភាពឈ្លានពាន ដែលបាននិងកំពុងគំរាមកំហែងមកលើអាយុជីវិតប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព និងសន្តិសុខតំបន់និងសកល។ សកម្មភាពវាយប្រហារឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជានេះ គឺជាការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដោយខុសច្បាប់អន្តរជាតិទាំងស្រុង ផ្ទុយស្រឡះពី រាជរដ្ឋាភិបាលកម្ពុជា ដែលតែងប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ខ្សែព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលកំណត់ដោយអនុសញ្ញាបារាំង-សៀម១៩០៤ សន្ធិសញ្ញាបារាំង-សៀម១៩០៧ ពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា១៩០៧ ផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងកំណត់ហេតុរបស់ គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងកំណត់ហេតុរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ ព្រមទាំងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា៕

អត្ថបទទាក់ទង