Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1297
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ។ ដោយសារ “នយោបាយឈ្នះ-ឈ្នះ” ទើបយើងកសាងឡើងវិញបាននូវដួងព្រលឹងឯកភាពជាតិ ដែលបានបាត់បង់អស់រាប់ជំនាន់មកហើយ និងក៏ដោយសារតែនយោបាយឈ្នះ-ឈ្នះ នេះផងដែរ ទើបយុវជនជំនាន់ក្រោយ លែងចាំបាច់ត្រូវហៅខ្មែរគ្នាឯង ថាជាខ្មែរក្រហម ខ្មែរខៀវ ឬ ខ្មែរមកពីក្រុម ឬតំបន់ណាមួយនោះ។ ដូច្នេះ យើងមិនត្រូវភ្លេចឡើយនូវតថភាពប្រវត្តិសាស្រ្តនេះ ហើយក្នុងនាមជាយុវជនគណបក្សប្រជាជនកម្ពុជា យើងត្រូវមានទស្សនៈមោះមុតក្នុងការការពារគ្រឹះសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះថាសន្តិភាព គឺជាអ្វីដែលយុវជនរៀមច្បងបានចូលរួមលះបង់ និងខិតខំរកដោយលំបាកបំផុត។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា យុវជនគ្រប់ស្រទាប់វណ្ណៈ មិនថាសិស្ស-និស្សិត ដែលកំពុងសិក្សា បញ្ចប់ការសិក្សា ឬកំពុង បំពេញការងារនោះទេ សុទ្ធតែមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ យើងនឹងអាចសម្រេចចក្ខុវិស័យនេះបាន ប្រសិនយុវជនយើង សុទ្ធតែជាមូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ ជំនាញ និងគំនិតច្នៃប្រឌិត ហើយបូករួមនឹងឧត្តមគតិស្នេហាជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីឱ្យកម្ពុជានៃយើង អាចឆាប់បានសម្រេចបានគោលដៅធំៗនានាកាន់តែឆាប់ យើងទាំងអស់គ្នាត្រូវ «មានឆន្ទៈ ស្គាល់អត្តសញ្ញាណ និង មានក្តីសង្ឃឹម»៖ ទី១.មានឆន្ទ: គឺមានគោលដៅច្បាស់លាស់ មានកម្លាំងចិត្ត ដើម្បីជម្នះឧបសគ្គ និងការលំបាក សំដៅឆ្ពោះទៅសម្រេចគោលដៅ។ ដូចគ្នានេះ មានឆន្ទ:ជួយបក្ស គឺមានគោលដៅធ្វើឱ្យបក្សកាន់តែខ្លាំង កាន់តែរឹងមាំ និងកាន់តែអាចមានឱកាសបម្រើប្រជាពលរដ្ឋក្នុងរយ:ពេលយូរអង្វែង ទី២.ស្គាល់អត្តសញ្ញាណ គឺស្គាល់ថាខ្លួនឯងជាអ្នកណា និងមានគុណតម្លៃអ្វី ខណៈដែលអត្តសញ្ញាណរបស់បក្ស គឺ «របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន» ទី៣. មានក្ដីសង្ឃឹម គឺត្រូវតែមានសុទិដ្ឋិនិយមអំពីអ្វីដែលយើងកំពុងធ្វើ និងត្រូវធ្វើសកម្មភាពនានា ដើម្បីជ្រោមជ្រែងបក្ស នាំបក្សទៅរកភាពជោគជ័យក្នុងការដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

អត្ថបទទាក់ទង