Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទស្សនៈមិត្តអ្នកអាន៖ «អាមេរិកគួរមានមេដឹកនាំឱ្យបានច្រើន ដូចអតីតប្រធានាធិបតី ខេណេឌី »

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 3664
ទស្សនៈមិត្តអ្នកអាន៖ «អាមេរិកគួរមានមេដឹកនាំឱ្យបានច្រើន ដូចអតីតប្រធានាធិបតី ខេណេឌី » ទស្សនៈមិត្តអ្នកអាន៖ «អាមេរិកគួរមានមេដឹកនាំឱ្យបានច្រើន ដូចអតីតប្រធានាធិបតី ខេណេឌី »

នៅពេលដែលភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្នកំពុងវិវត្តទៅភាពអាប់អួរនិងតានតឹង យើងកំពុងព្យាយាមស្វែងរកស្មារតីនៃក្តីសង្ឃឹម គឺក្តីសង្ឃឹមដើម្បីសន្តិភាព ជាពិសេសពីសំណាក់ថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិកដែលជាប្រទេស មហាអំណាចខ្លាំងបំផុតនៅលើពិភពលោក ។ យើងនឹកឃើញដល់សពលោកអតីតប្រធានាធិបតី ចន អេហ្វ ខេណេឌី (John F. Kennedy)។យើងរំលឹក នឹកដល់ស្មារតីសន្តិភាពរបស់គាត់។យើងចាំបាននូវសុន្ទរកថាសន្តិភាពរបស់គាត់ដែលបានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៦៣ បន្ទាប់ពី «វិបត្តិមីស៊ីលនៅគុយបា»នៅខែតុលា ឆ្នាំ១៩៦២ ដែលជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់ និងគ្រោះថ្នាក់បំផុតរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ហើយជាពេលដែលប្រទេសមហាអំណាចទាំងពីរដើរជិតបំផុតទៅជ្រោះនៃជម្លោះនុយក្លេអ៊ែរ។ប៉ុន្តែសង្គ្រាមនុយក្លេអ៊ែរត្រូវបានចៀសផុត។ លោក ខេណេឌី ដឹងយ៉ាងច្បាស់អំពីកម្លាំងនៃអាវុធនុយក្លេអ៊ែរ ពោលគឺ លទ្ធភាពនៃការបំផ្លាញខ្ទេចខ្ទី «ក្នុងរយៈពេល ២៤ម៉ោងដំបូង» ។

«សន្តិភាពសម្រាប់បុរសនិងស្ត្រីគ្រប់រូប សន្តិភាពសម្រាប់គ្រប់សម័យកាល» គឺជាអ្វីដែលលោក ខេណេឌី បានអំពាវនាវចង់បាន ។ សន្តិភាពដែលដោះស្រាយកង្វល់ ផ្នែកសន្តិសុខ មិនត្រឹមតែសម្រាប់ ប្រជាជនអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនក្នុង ពិភពលោកផងដែរ។«តើខ្ញុំសំដៅដល់សន្តិភាពបែបណា? តើយើងស្វែងរកសន្តិភាពបែបណា? មិនមែនសន្តិភាពដូច Pax Americana (គឺសំដៅលើប្រព័ន្ធពិភពលោក ដែលគ្រប់គ្រងដោយអាមេរិក) ដែលអាមេរិកដាក់បន្តុបទៅលើពិភពលោក ដោយប្រើប្រាស់អាវុធសង្រ្គាមរបស់ខ្លួននោះទេ។ មិនមែនជាសន្តិភាពដែលមាននៅទីបញ្ចុះសព ឬសន្តិសុខរបស់ទាសករនោះទេ។«ខ្ញុំកំពុងនិយាយអំពីសន្តិភាព ពិតប្រាកដដែលជាសន្តិភាពដែលធ្វើឱ្យជីវិតរស់នៅលើផែនដីមានតម្លៃ ជាសន្តិភាពដែលអាចឱ្យមនុស្សនិងប្រទេសជាតិទាំងឡាយរីកចម្រើននិងមានក្តីសង្ឃឹម និងដើម្បីកសាងជីវិតឱ្យកាន់តែប្រសើរឡើងសម្រាប់កូនចៅរបស់ពួកគេ។ មិនមែនគ្រាន់តែជាសន្តិភាពសម្រាប់ជនជាតិអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែជាសន្តិភាពសម្រាប់បុរស និងស្ត្រីគ្រប់រូប។ មិនមែនត្រឹមតែជាសន្តិភាពក្នុងសម័យកាលរបស់យើងទេ ប៉ុន្តែជាសន្តិភាព សម្រាប់គ្រប់សម័យកាលទាំងអស់ »។

យើងត្រូវការស្មារតីបែបនេះពីអ្នកនយោបាយអាមេរិក ដើម្បីជួយបង្អន់សង្គ្រាម និងភាពតានតឹងដែលសហរដ្ឋ
អាមេរិកបាននិងកំពុងដើរតួនាទីមួយផ្នែកដោយសំអាងលើ ហេតុផលដែលអាមេរិកចាត់ទុកថាជាកង្វល់សន្តិសុខជាតិ ការការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ និងការការពារឋានៈរបស់ខ្លួនជាមហាអំណាចខ្លាំងបំផុតនៅលើពិភពលោក។ នៅពេលដែលសហរដ្ឋអាមេរិកថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន ហើយនិង ចិនចំពោះការប្រើអំណាចបង្ខិតបង្ខំយើងអាចយល់អំពីអ្វីដែលអាមេរិកចង់ធ្វើ ។ នោះគឺ ការត្រួតពិនិត្យលើការរំលោភបំពានអំណាចដោយប្រទេស មហាអំណាច ។ប៉ុន្តែយើងសួរវិញថា ចុះបើអាមេរិកបំពានអំណាចវិញ តើនរណាជាអ្នកត្រួតពិនិត្យ អាមេរិក?មនុស្សជាច្រើនជឿថា សង្គ្រាម នៅអ៊ុយក្រែនកំពុងក្លាយជា សង្គ្រាមដោយតួអង្គតំណាងរវាងអាមេរិកនិងរុស្ស៊ី។

អ្នកវិភាគជាច្រើន រួមទាំងវិទ្យាស្ថាន CATO នៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ជឿជាក់ថា សហរដ្ឋអាមេរិកក៏មានកំហុសមួយផ្នែកក្នុងការបញ្ឆេះសង្រ្គាមនៅអ៊ុយក្រែនដែរ តាមរយៈការរំលោភបំពានម្តងហើយម្តងទៀត ទៅលើការព្រួយបារម្ភផ្នែកសន្តិសុខរបស់រុស្ស៊ី។ វិទ្យាស្ថាន CATO បានសរសេរថា «មន្ត្រីអាមេរិកនិងអឺរ៉ុបបានបំពានភ្លើងក្រហមម្តងហើយ ម្តងទៀត ។ លោកប្រធានាធិបតី ចច ប៊ូស (George W. Bush) បានចាប់ផ្តើមចាត់ទុកប្រទេស ហ្សកហ្ស៊ីនិងអ៊ុយក្រែនថាជាសម្ព័ន្ធមិត្តនយោបាយនិងយោធា ដ៏មានតម្លៃរបស់សហរដ្ឋអាមេរិក ហើយនៅក្នុងឆ្នាំ២០០៨ លោកបានជំរុញអង្គការណាតូ (NATO) ឱ្យទទួលស្គាល់អ៊ុយក្រែននិងហ្សកហ្ស៊ីជាសមាជិក»។

នៅភាគខាងកើតនៃពិភពលោកវិញ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិនបានបង្កឱ្យមានការព្រួយបារម្ភ សម្រាប់មេដឹកនាំក្នុងតំបន់។ ពួកគេភ័យខ្លាចការផ្ទុះឡើងនៃជម្លោះប្រដាប់អាវុធដែលអាច
មានផលប៉ះពាល់ចំពោះតំបន់ទាំងមូល មិនមែនត្រឹមតែរវាងប្រទេសមួយចំនួនដែលប្រឈមមុខដាក់គ្នាដោយ
ផ្ទាល់នោះទេ។ ពីអាស៊ីប៉ាស៊ីហ្វិក ដល់ឥណ្ឌូប៉ាស៊ីហ្វិក ពីសមុទ្រចិនខាងត្បូង ដល់សមុទ្រចិនខាងកើត រហូត ដល់កោះតៃវ៉ាន់ យើងឃើញហេតុផលជាច្រើនដែលត្រូវព្រួយបារម្ភអំពីសន្តិសុខនិងសន្តិភាពក្នុងតំបន់និងសកលលោក។ យ៉ាងណាក្តី ដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់, ការកសាងសម្ព័ន្ធភាពផ្តាច់មុខដូចជា AUKUS (សម្ព័ន្ធភាពរវាង
អូស្ត្រាលី អង់គ្លេសនិងអាមេរិក) , QUAD (សម្ព័ន្ធភាពរវាង អូស្ត្រាលី ឥណ្ឌា ជប៉ុន និងអាមេរិក), QUAD Plus(សំដៅ លើ QUAD បូកថែមប្រទេសផ្សេងៗ) និង NATO Plus (សំដៅលើ NATO បូកថែមប្រទេសផ្សេងៗ) ជាដើម មិនបានផ្តល់ក្តីសង្ឃឹមណាមួយ សម្រាប់សន្តិភាពនិងស្ថិរភាព នោះទេ។ប្រទេសមួយចំនួនដូចជាកម្ពុជា ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី បានបង្ហាញក្តីកង្វល់ពីសក្តានុពលនៃការរីកសាយអាវុធនុយក្លេអ៊ែរនិងការរត់ប្រណាំងសព្វាវុធនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយអូស្ត្រាលីពីអាមេរិកនិងអង់គ្លេស។ មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី ថែមទាំងបាននិយាយថា ផ្លូវសមុទ្ររបស់ខ្លួនមិនគួរអនុញ្ញាតឱ្យនាវាមុជទឹកនុយក្លេអ៊ែររបស់អូស្ត្រាលីប្រើប្រាស់នោះទេ ព្រោះ
«AUKUS ត្រូវបានបង្កើតឡើងសម្រាប់ការប្រយុទ្ធ»។

សកម្មភាពទាំងឡាយខាងលើរបស់អាមេរិកសុទ្ធតែធ្វើឡើងក្នុងហេតុផលដូចគ្នាគឺដើម្បីបញ្ឈប់រុស្ស៊ី និងបញ្ឈប់ចិន។ ប៉ុន្តែតើអ្នកណានឹងបញ្ឈប់អាមេរិក? ជំនួសឱ្យការបង្អន់និងកាត់បន្ថយ ភាពតានតឹងដែលកំពុងកើនឡើង យើងឃើញមានតែការលើកទឹកចិត្តបន្ថែមទៀតសម្រាប់សង្គ្រាម ជម្លោះនិងការប្រឈមមុខគ្នា។ មានការរៀបចំសមយុទ្ធយោធាកាន់តែច្រើនឡើងនៅក្នុងតំបន់ បូករួមទាំងសំណើរបស់ ឥណ្ឌូនេស៊ីដើម្បីរៀបចំសមយុទ្ធយោធាអាស៊ានលើកដំបូង នៅសមុទ្រចិនខាងត្បូង។

សំណើរបស់ឥណ្ឌូនេស៊ីគឺជាបញ្ហាកង្វល់ ។ ប្រទេសទាំងអស់ គួរតែដកថយមួយជំហានដើម្បីទុកលំហដល់សន្តិភាព។ យើងក៏មើលឃើញការញុះញង់ដែលកំពុងកើនឡើងពីសំណាក់ សម្ព័ន្ធមិត្តអាមេរិកដែលចង់ឆ្លៀត
ឱកាសវាយជួងសង្គ្រាម និងរោទិ៍កណ្ដឹងឱ្យកាន់តែខ្លាំងឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីនិងចិន។ ប៉ុន្តែការណ៍នេះគឺប្រៀបដូចជាចំណងជើងនៃប្រលោមលោកមួយក្បាលរបស់កវី ជនជាតិអាមេរិក អ៊ើណេស ហេមីងវ៉េ (Ernest Hemingway) ដែលមានចំណងជើងថា «តើកណ្តឹងរោទិ៍សម្រាប់អ្នកណាទៅ ?”។ យើងឮតែសំឡេងជួងនិង កណ្តឹងរោទិ៍ពីវិហារគ្រឹស្ត វត្តអារ៉ាម វិហារឥស្លាម វិហារជ្វីព ប៉ុន្តែសម្លេងជួងនោះគឺជាសម្លេង ជួងនៃពិធីបុណ្យសព ជាមួយនឹងសំឡេងយំសោកសៅនិងកាន់ទុក្ខពីក្រុមគ្រួសារនៃអ្នកស្លាប់។ យើងលែងឃើញសហរដ្ឋ អាមេរិកដើរតួនាទីទៀតហើយ នៅក្នុងដំណើរការសន្តិភាពនៅ មជ្ឈិមបូព៌ា ដូចអ្វីដែលយើងធ្លាប់បានឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលលោក ប្រធានាធិបតីអាមេរិក ប៊ីល ឃ្លីនតុន (Bill Clinton) បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីននៅសេតវិមាននៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ១៩៩៣។ នេះគឺជាស្មារតីអាឡោះអាល័យចំពោះភាពជាអ្នកដឹកនាំសន្តិភាពរបស់សហរដ្ឋអាមេរិកកាលពីអតីតកាល ។

ជាអកុសល ក្នុងស្ថានភាពបច្ចុប្បន្ន អ្នកនយោបាយអាមេរិកមិនមែនខិតខំស្វែងរករបៀបវារៈសន្តិភាពនោះទេ ប៉ុន្តែផ្ទុយទៅវិញពួកគេកំពុងបង្កើនកំដៅនៃសង្រ្គាម បង្កើនការសង្ស័យនិងការបែកបាក់ក្នុងចំណោមរដ្ឋ
ដែលជាគូបដិបក្ខ ហើយបង្កើតភាពតានតឹងនិងភាពស្មុគស្មាញបន្ថែមទៀតនៅក្នុងតំបន់ជម្លោះ សំខាន់ៗក្នុងពិភពលោក ។ យើងឃើញមានតែសុន្ទរកថា ដែលពិសពុល ជំរុញឱ្យមានការស្អប់ខ្ពើម ការប្រកាន់មនោគមវិជ្ជា ការស្អប់ខ្ពើមពូជសាសន៍ និងការបំបែកបំបាក់។ សកម្មភាពទាំងអស់គឺសុទ្ធតែដើម្បីទប់ស្កាត់រុស្ស៊ីនិងចិន។យើងគួរងាកចេញពីការព្យាយាមប្រឈមមុខដាក់គ្នា ហើយយើង គួររំលឹកនូវស្មារតីសន្តិភាពរបស់ សពប្រធានាធិបតី ខេណេឌី។

«សន្តិភាពមិនមែនសុទ្ធតែមិនអាចប្រតិបត្តិបាននោះទេ ហើយសង្គ្រាមក៏មិនមែនសុទ្ធតែមិន អាចចៀសផុតនោះដែរ »។ លោក ខេណេឌី ជឿថា សង្រ្គាមគឺមនុស្សជាអ្នកបង្កើត ដូច្នេះហើយមនុស្សក៏ត្រូវតែ អាចដោះស្រាយបញ្ហាសង្គ្រាមដែរ ។ លោក ខេណេឌី បានទទួលស្គាល់ថា រដ្ឋនីមួយៗតែងមានគំនិតខុសគ្នា ប៉ុន្តែការខ្វែងគំនិតទាំងនោះចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី។ «សន្តិភាពពិភពលោក គឺដូចជាសន្តិភាពសហគមន៍ វាមិនតម្រូវឱ្យមនុស្សម្នាក់ៗត្រូវតែស្រឡាញ់អ្នកជិតខាងនោះទេ។ សន្តិភាព ទាមទារឱ្យពួកគេរស់នៅជាមួយគ្នាដោយការអត់ឱនគ្នាទៅវិញទៅមក ហើយជំរុញការ ដោះស្រាយជម្លោះដោយ យុត្តិធម៌និងដោយសន្តិវិធី»។

លោកបានជំរុញឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់ប្រើប្រាស់ធនធាននិងថវិកាដើម្បីបុព្វហេតុសង្គម ជំនួសឱ្យការវិនិយោគលើសង្គ្រាម និងការរត់ប្រណាំងសព្វាវុធ។ «ដ្បិតអីប្រទេសយើងទាំងពីរ (អាមេរិកនិងសូវៀត) កំពុងតែចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអាវុធ ប៉ុន្តែធនធានទាំងនោះតាមពិតគួរតែត្រូវបានប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជា ភាពក្រីក្រ និងជំងឺ ទើបជាការប្រសើរជាង ។ ប្រទេសយើងទាំងពីរបានជាប់ផុងនៅក្នុងវដ្ដដ៏កាចសាហាវ និងគ្រោះថ្នាក់ដែលការសង្ស័យពីភាគីម្ខាងបង្កឱ្យមានការសង្ស័យទៅលើភាគីម្ខាងទៀត ហើយអាវុធថ្មីត្រូវបានបង្កើតឡើងដើម្បីប្រឆាំងតបនឹងអាវុធចាស់»។ ហើជាចុងក្រោយ
លោក ខេណេឌី បានលើកទឹកចិត្តឱ្យយើងគ្រប់គ្នាខិតខំព្យាយាមបង្កើតយុទ្ធសាស្ត្រដើម្បីសន្តិភាព មិនមែនខិតខំបង្កើតយុទ្ធសាស្ត្រដើម្បីប្រល័យលោកនោះទេ។ អ្នកនយោបាយអាមេរិកនិងមេដឹកនាំពិភពលោកគួរតែរំលឹកស្មារតីសន្តិភាពនេះឡើងវិញ។

ជាចុងក្រោយ យើងសូមឧទ្ទិសការគោរពដល់វិញ្ញាណក្ខន្ធ លោកប្រធានាធិបតី ចន ខេណេឌី ដែលជាឥស្សរជនដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូបរបស់ពិភពលោក។

ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)