បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអរគុណប្រជាពលរដ្ឋ ដែលអញ្ជើញទៅបោះឆ្នោតគាំទ្របក្សប្រជាជន ឱ្យឈ្នះភ្លូកទឹកភ្លូកដី និងប្តេជ្ញាបន្តបម្រើជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរ
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអរគុណប្រជាពលរដ្ឋ ដែលអញ្ជើញទៅបោះឆ្នោតគាំទ្របក្សប្រជាជន ឱ្យឈ្នះភ្លូកទឹកភ្លូកដី និងប្តេជ្ញាបន្តបម្រើជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរ
(ភ្នំពេញ)៖ បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនបន្តវេនជានាយករដ្ឋមន្ត្រីនាពេលអនាគត នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះបានបង្ហោះសារ និងវីដេអូ ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដី។
ជាមួយគ្នានេះលោកបណ្ឌិត បានបង្ហាញនូវការប្តេជ្ញាបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត។
លោកបណ្ឌិត បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖
ប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវឆន្ទៈរបស់ខ្លួនយ៉ាងច្បាស់តាមរយៈការអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ (ជាង ៨៤%) និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាអោយឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបម្រើប្រជាពលរដ្ឋតទៅអនាគត។ ខ្ញុំមានតែពាក្យពីរម៉ាត់ ជូនចំពោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដែលបានទៅចូលរួមបោះឆ្នោត៖
១៖ អរគុណ ចំពោះលោកតាលោកយាយ លោកអ៊ំពូមីងបងប្អូនទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ និងជាពិសេសចំពោះការស្រឡាញ់និងការទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា
និង២៖ ប្តេជ្ញាចិត្ត បន្តចូលរួមបម្រើប្រទេសជាតិ និងប្រជាជនឲ្យបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា មានប្រជាពលរដ្ឋទូទាំង ប្រទេសប្រមាណ ៨ ២១៣ ២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ បានទៅបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩ ៧១០ ៦៥៥នាក់ (១០០%)។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ដែលទទួលបានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ដែលមាននៅរាជធានីភ្នំពេញ ១អាសនៈ, ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ ខេត្តកណ្តាល ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕






