Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គ.ជ.ប សម្រេចតម្កល់សំណុំរឿងចំនួន៥ ទាក់ទងករណីញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត ទុកជាបានការ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1120
គ.ជ.ប សម្រេចតម្កល់សំណុំរឿងចំនួន៥ ទាក់ទងករណីញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត ទុកជាបានការ គ.ជ.ប សម្រេចតម្កល់សំណុំរឿងចំនួន៥ ទាក់ទងករណីញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត ទុកជាបានការ

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា បានបើកសវនការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងចំនួន៥ ទាក់ទងករណីញុះញង់ឲ្យបំផ្លាញសន្លឹកឆ្នោត ដែលគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមខេត្តចំនួន៤ គឺខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ បានសម្រេចលុបចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ចាប់ពី៥ឆ្នាំ ដល់១៥ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១០លាន ទៅ១៥លានរៀល។ 

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងក្រោយសវនាកាថា នៅក្នុងសវនការរបស់ គ.ជ.ប នោះ គឺបានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតនៅខេត្តទាំង៤នោះ ទុកជាបានការ។ មានន័យថា រក្សាការពិន័យបង់ប្រាក់ និងការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតដែលមានចែងនៅក្នុងច្បាប់។ 

យោងតាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ដែលត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ។

គួររំលឹកថា សំណុំរឿងទាំង៥នោះរួមមាន ទី១. សំណុំរឿង០០១ លោក ខឹម មនីកុសល ជាប្រធានគណបក្សភ្លើងទៀនខេត្តប៉ៃលិន ដោយផាកពិន័យជាប្រាក់ចំនួន១៥លានរៀល និងលុបឈ្មោះ និងដកសិទ្ធិឱ្យគេបោះឆ្នោត រយៈពេល១៥ឆ្នាំ ដោយមិនទាន់គិតទោសព្រហ្មទណ្ឌផ្សេងទៀត។ 

ទី២. សំណុំរឿង០០២ ឈ្មោះ លី ម៉េងហ័ង ភេទប្រុស ខេត្តកំពង់ចាម ដោយផាកពិន័យជាប្រាក់ចំនួន១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ។ 

ទី៣. សំណុំរឿង០០៣ ឈ្មោះ ហ៊ាន សុភា ភេទស្រី ប្រជាពលរដ្ឋ នៅខេត្តប៉ៃលិន ដោយផាកពិន័យជាប្រាក់ចំនួន១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ។ 

ទី៤ និងទី៥. សំណុំរឿង០០៤ និងសំណុំរឿង០០៥ ឈ្មោះ យ៉ាន សុឃឿន ភេទប្រុស ជាគ្រូបង្រៀន នៅស្រុកមេមុត ខេត្តត្បូងឃ្មុំ ដោយផាកពិន័យជាប្រាក់ចំនួន១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល៥ឆ្នាំ៕

អត្ថបទទាក់ទង