Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1119
សម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង សម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះផ្លូវជាតិលេខ១) និងផ្លូវខ្នែង។

ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់មូលមហាវិថីឈ្នះឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិ​​លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូតដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថា បើរាជធានីភ្នំពេញ មិនមានការរីកចម្រើនទេ យើងមិនមានការចាំបាច់ណាមួយដើម្បីបើកឱ្យមានការស្ថាបនាផ្លូវក្រវាត់ក្រុងទី១,ទី២ និងទី៣ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នោះទេ។ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គឺដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលកំពុងមានតម្រូវការ ខណៈពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។សម្តេចតេជោបានមានប្រសាសន៍ 

ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមដោះស្រាយបញ្ហានានា ដោយបានទទួលយកនូវសំណង និងយល់ព្រមលក់ដីដល់អាជ្ញាធរ រហូតឈានទៅស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នេះ បានរួចរាល់ជាស្ថាបពរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ អាចជាពេលវេលាចុងក្រោយ ដែលសម្ដេចថ្លែងជាសាធារណៈ ក្នុងតំណែងជានាយករដ្ឋមន្រ្ដី នៃកម្ពុជា ព្រោះបន្ទាប់ទៅ កម្មវិធីក្រោយៗទៀតនឹងត្រូវមាននាយករដ្ឋមន្ត្រីថ្មីត្រូវមកជំនួសគឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ 

សម្តេចតេជោបានមានប្រសាសន៍

ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដ៏ច្រើន ដែលមានចំនួន៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ គឺថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ គឺមិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។

ពាក់ព័ន្ធនឹងការបោះឆ្នោតកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការបំផុសបំផុលប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល គឺមានគណបក្សនយោបាយមួយ មានជាប់ពាក់ព័ន្ធលើផែនការនេះ ដោយអ្នកដែលប្រព្រឹត្តិកំហុសទាំងនោះ បានចេញមកសារភាពជាបន្តបន្ទាប់។ សម្តេចតេជោបន្តថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។ ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួន២ ដោយសេនារីយ៉ូទី១អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទី២ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង  សេនារីយ៉ូទាំង២នេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទី២ គឺអនុញ្ញាតឱ្យអ្នកបបន្តវេនឡើងកាន់អំណាងពីដើមអាណត្តិតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់ចាស់មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែមបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀតក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើងតាំងពី ចុងខែធ្នូ ឆ្នាំ ២០២១ឯណោះ ដែលនេះគឺជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះនឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយភ្លាម។ សម្តេចតេជោ បានថ្លែងសារទៅកាន់មន្រ្ដីនយោបាយទាំងឡាយថា ការដោះស្រាយគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺដោះស្រាយតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងនោះទេ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន  សែន បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃមួយចំនួនក្នុងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣  និងបានអញ្ជើញកាត់ខ្សែបូរប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ចាប់ពីពេលនេះតទៅ៕

 

អត្ថបទទាក់ទង